ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ទទូច ឱ្យពលរដ្ឋកុំយកអាល់កុល លាយជាមួយទឹក ឬភេសជ្ជ: មកពិសារ បន្ទាប់ពីមានមនុស្ស ៧នាក់ពុលស្លាប់

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានទទូចដល់ប្រជាពលរដ្ឋគ្រប់រូប កុំយកអាល់កុលមកលាយជាមួយទឹក ឬភេសជ្ជ:នានា មកពិសារពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជាសាធាតុសម្លាប់មេរោគ។

ការទទូចរបស់ លោក ម៉ម ប៊ុនហេង បែបនេះក្រោយពីពលករខ្មែរ ធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ស្ថិតនៅក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២១នាក់ បានពុលក្នុងនោះ ៧នាក់ បានស្លាប់ បណ្ដាលមកពីការយកអាល់កុល ទៅលាយជាមួយភេសជ្ជៈផ្សេងៗ មកពីសារ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ កុំយកអាល់កុលលាយជាមួយទឹក ឬភេសជ្ជៈនានា មកពិសា ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជាសារធាតុសម្លាប់មេរោគ ដើម្បីបង្ការកុំឲ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃជាដើម»។

លោក បានបន្ដថា ពលរដ្ឋត្រូវចូលរួមកុំពិសាស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ។ បន្ថែមពីលើនោះ អ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រា-ស ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អាជ្ញាធរត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងទប់ស្កាត់ការលក់ស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋជៀសវាងយកសារធាតុមេតាណុលលាយធ្វើស្រា ដែលបង្កឲ្យពុល និងស្លាប់បាត់បង់ជីវិត៕

To Top