ព័ត៌មានជាតិ

ចាប់ពីឆ្នាំ១៩៩៨ កម្ពុជាកសាងផ្លូវ ជាង១ម៉ឺនគីឡូម៉ែត្រ និងសាងសង់ស្ពាន ២០កន្លែង ឆ្លងកាត់ទន្លេ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទក្រាលកៅស៊ូ ប្រវែង១៥.០០០គីឡូម៉ែត្រ ហើយសាងសង់ស្ពាន ចំនួន២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។

ក្នុងកិច្ចសម្ភាសន៍របស់ទូរទស្សន៍CNBC នាឱកាសធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ស៊ុន ចាន់ថុល បានថ្លែងថា «ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញ នៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង១៥.០០០គីឡូម៉ែត្រ បានសាងសង់ស្ពាន ចំនួន២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប បានលើកកម្ពស់ព្រលានយន្តហោះ ចំនួន៣ តាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ ចំនួន៣កន្លែង ដោយឈរលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង»។

លោក បានបន្ដថា ផ្លូវល្បឿនលឿនមួយខ្សែតម្លៃ ជាង២ពាន់លានដុល្លារអាមេរិក ជិតនឹងបញ្ចប់ការភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដោយផ្អែកលើគោលការណ៍BOT ការផ្តល់ ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាបានមកពីដៃគូអភិវឌ្ឍន៍ជាច្រើន រួមមាន៖ ប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ថៃ វៀតណាម និងប្រភពថវិកាជាតិផងដែរ។ ដូច្នេះកម្ពុជាមិនពឹងផ្អែកលើប្រទេសចិនសម្រាប់ការផ្តល់ហិរញ្ញប្បទាន១០០%ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើយ។

លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឲ្យក្រុមហ៊ុននានា នៅសហរដ្ឋអាមេរិកពិចារណាចូលរួមក្នុងដំណើរការដេញថ្លៃ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា «ដំណើរការដេញថ្លៃគោរពតាមនីតិវិធីរបស់ធនាគារពិភពលោក និងទីភ្នាក់ងារ JICA ស្របតាមស្តង់ដាអន្តរជាតិ»។ លោក បានលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនៅកម្ពុជា ដោយផ្អែកលើគោលការណ៍PPP និងBOT។

ទាក់ទងនឹងគោលនយោបាយវិនិយោគ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកឡើងវិញថា កម្ពុជាជាប្រទេសតូច មានប្រព័ន្ធសេដ្ឋកិច្ចបើកចំហប្រកបដោយរបបវិនិយោគសេរីនៅតំបន់អាស៊ី ក្នុងនោះ រាជរដ្ឋាភិបាល ដើរតួនាទីជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន មិនមែនអ្នកគ្រប់គ្រងវិស័យឯកជន នោះទេ។ ជោគជ័យរបស់វិស័យឯកជនគឺជាជោគជ័យរបស់ប្រទេស៕

To Top