ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវ ចំពោះបញ្ហាអ្នកទោស ៧រូប ដែលវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង ហើយលួចរត់គេចខ្លួន កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
តាមរយៈគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១២ វិច្ឆិកា នេះ សម្ដេច ស ខេង បានថ្លែងថា ប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិត ដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះ បានចាប់ខ្លួនជនជាប់ឃុំ ចំនួន៥នាក់ មកវិញហើយ ក្នុងចំណោមជនជាប់ឃុំ ចំនួន៧នាក់។ ដោយឡែក ទណ្ឌិត២នាក់ ជាជនជាតិឡាវ ដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ។
សម្ដេច បានបញ្ជាក់ថា «ជាមួយគ្នានេះ ខ្ញុំក៏បានចាត់ចែងឲ្យមានការធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារ ដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ។ ជនរួមជាតិជាទីគោរព អ្វីដែលខ្ញុំចង់បញ្ជាក់នៅពេលនេះ គឺលទ្ធផលប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញ នូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ»។
សម្ដេច បានបន្ដថា លទ្ធផលនេះ បានបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថា ប្រជាពលរដ្ឋពិតជាមានការយល់ដឹង និងចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ។
សម្ដេច បានបញ្ជាក់ទៀតថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ ដែលទទួលខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះហើយសង្ឃឹមថាការចាប់ខ្លួនទណ្ឌិត២នាក់ទៀតនឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ»៕