ព័ត៌មានជាតិ

កម្ពុជា-ចិន អនុម័ត នូវកម្មវិធីសកម្មភាព ឆ្នាំ២០២១-២០២៥ នៃផែនការយុទ្ធសាស្រ្ត កែសម្រួលសម្រាប់ ដឹកជញ្ជូនអាស៊ាន-ចិន

ភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងលោក ZHAO Chongjiu អនុរដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនចិន បានអនុម័តជាគោលការណ៍ កម្មវិធីសកម្មភាព ឆ្នាំ២០២១-២០២៥ នៃផែនការយុទ្ធសាស្រ្ត ដែលបានកែសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការ ដឹកជញ្ជូនអាស៊ាន-ចិន ។

យោងតាម សេចក្ដីប្រកាស រួមថ្នាក់រដ្ឋមន្ដ្រី ស្ដីពី កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី២០ (20th ATM+China) ចេញផ្សាយដោយ ក្រសួងសាធារណការ នាថ្ងៃទី១៣ វិច្ឆិកា ថា កិច្ចប្រជុំ ក៏បានទន្ទឹងរង់ចាំការអនុវត្តសកម្មភាពដឹកជញ្ជូន តាមសមុទ្រ ដែលនឹងត្រូវប្រព្រឹត្តទៅនៅឆ្នាំ២០២២ រួមទាំងសិក្ខាសាលា ស្តីពីសេវាកម្មនិងការគ្រប់គ្រង នាវាសមុទ្រឆ្លាតវៃ ការរៀបចំវគ្គបណ្តុះបណ្តាល វេទិកាតំបន់អាស៊ាន(ARF) លើកទី២ ស្តីពីការកសាងសមត្ថភាពសុវត្ថិភាពស្រឡាងចម្លង និងកិច្ចសហប្រតិបត្តិការលើវិញ្ញា បនបត្រនាវាអេឡិចត្រូនិក។

ជាងនេះទៅទៀត កិច្ចប្រជុំ បានអនុម័តជាគោលការណ៍ កម្មវិធីសកម្មភាពឆ្នាំ២០២១-២០២៥ នៃផែនការយុទ្ធសាស្រ្ត ដែលបានកែសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការ ដឹកជញ្ជូនអាស៊ាន-ចិន ដែលរួមមានគម្រោង និងសកម្មភាព ដែលអាចធ្វើទៅបាន ដែលមានផលប្រយោជន៍រួម និងស្របតាមគោលដៅ និងសកម្មភាពរបស់អាស៊ាន ដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តដឹកជញ្ជូនទីក្រុងគូឡាឡាំពួ ឆ្នាំ២០១៦-២០២៥ ក៏ដូចជាចក្ខុវិស័យរបស់ប្រទេសចិនចំពោះ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ»។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះទៀត រដ្ឋមន្ត្រី កម្ពុជា-ចិន បានទន្ទឹងរង់ចាំការអនុវត្តប្រកប ដោយជោគជ័យនូវគម្រោង សហប្រតិបត្តិការអាស៊ាន-ចិនសំខាន់ៗ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវសមុទ្រ សម្របសម្រួលការដឹកជញ្ជូន និងការកសាងសម្ថភាព ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី២១ (21st ATM+China) គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២២ ខាងមុខ ៕

To Top