ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ខេត្ត-ក្រុង ណាមួយមានអត្រាគ្របដណ្ដប់អនាម័យខ្ពស់ ឲ្យក្លាយជាខេត្តដែលឈប់បន្ទោបង់ពាសវាលពាសកាល ១០០%។
តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១២ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ជាតិ និងថ្នាក់ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរិះរកវិធានការនិងធនធានក្នុងការលើកកម្ពស់អនាម័យជនបទ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ សម្ដេច ថា រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ជំរុញ និងដឹកនាំអនុវត្ត ដើម្បីធ្វើឲ្យស្ថានភាពអនាម័យនៅមូលដ្ឋានរបស់ខ្លួនមានលក្ខណៈកាន់តែប្រសើរឡើង។
សម្ដេចតេជោ បានបន្ដថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការគាំទ្រ និងចូលរួមតាមគ្រប់ រូបភាព គ្រប់មធ្យោបាយ ដើម្បីបន្តជំរុញការលើកកម្ពស់អនាម័យសមស្របតាមសមត្ថកិច្ចការងាររបស់ខ្លួន ក្នុងនោះ ត្រូវយកចិត្តទុកដាក់ជាពិសេស កៀរគរធនធាន និងសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីឈានទៅសម្រេចបាននូវគោលដៅអត្រាគ្របដណ្តប់អនាម័យ ៩០% នៃផែនការសកម្មភាពជាតិជំហានទី២ នៅឆ្នាំ២០២៣។
សម្ដេចតេជោ បានបញ្ជាក់ថា «ជំរុញ និងលើកទឹកចិត្ត ខេត្ត-ក្រុង ដែលមានអត្រាគ្របដណ្តប់អនាម័យខ្ពស់ ឲ្យក្លាយជាខេត្ត ដែលឈប់បន្ទោបង់ពាសវាលពាសកាល ១០០%។ ខេត្តដែលមានកម្រិតកំណើនអនាម័យទាប ត្រូវខិតខំរកលទ្ធភាពគ្រប់បែបយ៉ាង ក្នុងការគាំទ្រ និងជំនះនូវកត្តារាំងស្ទះ ធ្វើយ៉ាងណាឲ្យសន្ទុះអនាម័យតាមខេត្តទាំងនោះ មានការកើនឡើងល្អប្រសើរជាងមុន តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាជាប្រចាំពីបណ្តាខេត្តឈានមុខដែលមានបទពិសោធន៍ និងកំណើន អនាម័យខ្ពស់»។
សម្ដេចតេជោ បានបន្ថែមថា ទន្ទឹមនឹងកំណើនបង្គន់អនាម័យកាន់តែខ្ពស់ ទាំងនៅជនបទ និងទីប្រជុំជន គ្រប់ផ្នែកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់រៀបចំឲ្យមានសេវា និងគោលការណ៍ណែនាំផ្សេងៗ ក្នុងការគ្រប់គ្រងកាកសំណល់លាមក ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការបង្ហូរកាកសំណល់លាមកក្នុងបរិស្ថាន ដែលបង្កឲ្យ មានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋ៕