ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានបច្ចេកទេស បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លទ្ធផលការងារ នៃគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន ៨៩,៣៩% នៃទំហំការងារសរុប។





នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ បានអមដំណើរ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិនិត្យការដ្ឋានសាងសង់ផ្លូវ ការរៀបខឿនចិញ្ចើមផ្លូវ ការអ៊ុតបេតុងកៅស៊ូ(AC) ប្រព័ន្ធលូនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប និងការកែលម្អសោភ័ណភាពដងស្ទឹងសៀមរាប ដោយមានការចូលរួមពី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសចុះពិនិត្យនេះ សម្តេច ទៀ បាញ់ បានកោតសរសើរចំពោះក្រុមការងារ នៃអង្គភាពអនុវត្តគម្រោងដែលបានរៀបចំទីតាំងនៅតាមបណ្ដោយដងស្ទឹងខេត្តសៀមរាបប្រកបដោយសោភ័ណភាព ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ បន្ថែមពីលើនេះ សម្ដេច បានជំរុញឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះឲ្យបានគង់វង្ស ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

សម្ដេច បានគូសបញ្ជាក់ថា សមិទ្ធផលនេះកើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកាគណៈកម្មការគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការចង្អុលបង្ហាញរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប មានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ ជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប២៤៨,៧២៤ គីឡូម៉ែត្រ ការងារ សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧,០០៥ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១៩គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន ការងារ បំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើង សញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ៕


