ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានណែនាំក្រុមការងារគណបក្សប្រជាជន ត្រូវពង្រឹងសមត្ថភាព មេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន និងមេភូមិ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជាពិសេស ដោះស្រាយបញ្ហាប្រជាពលរដ្ឋមានប្រសិទ្ធិភាព។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ស ខេង បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗ ដូចជា ការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ រួមមាន ៖ បន្តណែនាំក្រុមសមាជិកបក្ស និងអ្នកគាំទ្រទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោត, ជំរុញការទទួលបានអត្តសញ្ញាណបណ្ណ ពង្រឹងភ្នាក់ងារគណបក្ស ដើម្បីទប់ស្កាត់ការបំពានច្បាប់បោះឆ្នោត, បញ្ចៀសការធ្វើការងាររដ្ឋពាក់ព័ន្ធនឹងការងារនយោបាយ ដែលរងការរិះគន់ និងត្រៀមរៀបចំសន្និបាតគណបក្ស ឃុំ-សង្កាត់ ឲ្យទាន់ពេលវេលា។
សម្ដេច បានបញ្ជាក់ថា «ជំរុញថ្នាក់ដឹកនាំ និងក្រុមការងារគណបក្ស បន្តចុះស្វែងយល់ជីវភាពពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីមានវិធានការអន្តរាគមន៍ជួយគ្រួសារពលរដ្ឋមានការខ្វះខាតស្បៀងអាហារ និងជួបបញ្ហាធ្ងន់ធ្ងរ ដោយត្រូវប្រមូលបញ្ហាប្រឈម សំណើរ សំណូមពរ ដើម្បីដាក់ចេញវិធានការដោះស្រាយ ពង្រឹងសមត្ថភាពបំពេញការងារបស់មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន និងមេភូមិ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងដោះស្រាយបញ្ហាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ»។
នាឱកាសនោះ សម្ដេច ស ខេង ក៏បានណែនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការរៀបចំការបោះឆ្នោត ការដោះស្រាយផលប៉ះពាល់នានាបណ្ដាលមកពីជំងឺកូវីដ-១៩ ដើម្បីបន្តអភិវឌ្ឍន៍សង្គមគ្រប់វិស័យ៕