ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងដល់មាតុប្រទេសវិញ បន្ទាប់ពីចូលរួម មហាសន្និបាត អង្គការយូណេស្ដូ លើកទី៤១ នៅបារីស

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងមកដល់ មាតុប្រទេសវិញហើយ បន្ទាប់ពីព្រះអង្គ សព្វព្រះរាជហឬទ័យដ៏ខ្ពង់ខ្ពស់ យាងចូលរួមមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្ដូ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ព្រះមហាក្សត្រកម្ពុជា ព្រះអង្គបានយាងចេញ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ ព្រះអង្គ បានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះសុខសុវត្ថិភាព កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងពិធីទទួលព្រះរាជដំណើរ យាងមាតុភូមិនិវត្តន៍របស់ ព្រះមហាក្សត្រកម្ពុជា នាពេលព្រឹកនេះ មានការចូលរួមពីសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា, សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, សម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមន្ដ្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល ជាច្រើនរូបទៀត។

សូមជម្រាបជូនផងដែរថា នាឱកាសដ៏ឧត្តុង្គឧត្តមបំផុត ក្នុងមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្ដូ ព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ថ្លែងនូវព្រះរាជសុន្ទរកថា ខណៈមានការចូលរួម ពីបណ្តាប្រមុខរដ្ឋជាង២០ប្រទេស ។

ក្នុងឱកាសគង់បំពេញព្រះរាជកិច្ច នៅទីក្រុងប៉ារីស ព្រះមហាក្សត្រកម្ពុជា ព្រះអង្គក៏បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានជូន លោកស្រី Audrey AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ ចូលថ្វាយបង្គំគាល់ សម្តែងការគួរសម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ លើសពីនេះទៀត ព្រះករុណា មានព្រះរាជឱង្ការស្នើដល់ អង្គការយូណេស្កូដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោក។

សូមរំលឹកថា អង្គការយូណេស្កូ គឺជាផ្នែកមួយ របស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ ទៅលើការអប់រំ វិទ្យាសាស្ត្រ ។ អង្គការយូណេស្កូ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥។ អង្គការយូណេស្កូ ធ្វើបេសកកម្មពិសេស ក្នុងការរក្សានូវសន្តិភាព និងសន្តិសុខក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង៕

To Top