នយោបាយ

លោក ខៀវ សុភ័គ៖ សម រង្ស៊ី ពិតជានៅពីក្រោយ បក្សបេះដូងជាតិ​ប្រាកដមែន ក្រោយចេញមុខការពារ (Video)

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា លោក សម រង្ស៊ី ពិតជាមេក្លោង នៅពីក្រោយគណបក្សបេះដូងជាតិ ពិតប្រាកដមែន ។ ការអះអាងរបស់លោក ខៀវ សុភ័គ នេះ បន្ទាប់ពីលោក សម រង្ស៊ី ចេញមុខការពារគណបក្សនេះ ក្រោយពីក្រសួងមហាផ្ទៃ បដិសេធមិនចុះឈ្មោះបក្សនេះ ក្នុងបញ្ជីគណបក្សនយោបាយ។

គណបក្សបេះដូងជាតិ ដែលមានលោក សៀម ភ្លុក ជាតំណាងត្រូវបានក្រសួងមហាផ្ទៃ កាលពីថ្ងៃ១១ វិច្ឆិកា បដិសេធមិនឲ្យចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយ ដោយសារក្រសួងបានរកឃើញ មានការក្លែងបន្លំ ស្នាមមេដៃចំនួន២ ៤៥២នាក់ ក្នុងចំណោម ចំនួន៤ ៧៨១ស្នាមមេដៃ ។ តំណាងបក្ស​ក៏អាចនឹងប្រឈមផ្លូវច្បាប់ផងដែរ។

លោក សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១៤ វិច្ឆិកា ថា “ការចោទប្រកាន់មិនទំនងទាល់តែសោះ (បន្លំស្នាមមេដៃ) មកលើអ្នកចង់បង្កើត​គណបក្សបេះដូងជាតិ ។ ចោទប្រកាន់អ្នកដែលបានដាក់ពាក្យ ចង់បង្កើតគណបក្សបេះដូងជាតិ ថា ធ្វើការឲ្យគណបក្សសង្គ្រោះជាតិ ព្រមទាំងបានក្លែងបន្លំស្នាមមេដៃ ដែលបានប្រមូល ដើម្បីបំពេញបែបបទ។ ការចោទប្រកាន់ទាំងពីរនេះ មិនទំនងទាល់តែសោះ ពីព្រោះវាមិនស៊ីគ្នាទាល់តែសោះ” ។

លោកថា បើគណបក្សបេះដូងជាតិ ចេញមកពីអតីតគណបក្សសង្គ្រោះជាតិមែននោះ គណបក្សបេះដូងជាតិ មិនពិបាកអ្វីប្រមូលស្នាមមេដៃ ពីអ្នកគាំទ្រចំនួន ៥ ០០០នាក់នោះទេ ពីព្រោះអតីតគណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រយ៉ាងតិច ៣លាននាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ១៥ វិច្ឆិកា ថា គណបក្សនេះ ពិតជាដាក់បន្លំស្នាមមេដៃ ទើបមិនអាចចុះបញ្ជីឲ្យបាន ហើយលោកថា ចំណុចដូចដែលលោក សម រង្ស៊ី លើកឡើងការពារនោះ គឺបង្ហាញថា លោក សម រង្ស៊ី ពិតជានៅពីក្រោយខ្នងមែន ។

លោកបញ្ជាក់ថា “ដូច្នេះអ្វីដែលយើងបានគ្រោងទុក ឬពិចារណាដោយស្មាននោះ គណបក្សហ្នឹង ប្រាកដជាមាន សម រង្ស៊ី ពីក្រោយ… អាច ដូច្នេះបានន័យថា សម រង្ស៊ី ពិតជានៅពីក្រោយបក្សហ្នឹងមែន” ។

លោកថា ការមិនអាចចុះបញ្ជីឲ្យបាននោះ ដោយតំណាងបក្សនេះ លោក សៀម ភ្លុក មានចេតនាទុច្ចរិត ក្លែងបន្លំឯកសារសារធារណៈ​ ។

ចំពោះអ្នកបន្លំឯកសារសាធារណៈនេះ គឺលោក សម រង្ស៊ី ជាអ្នកឲ្យធ្វើហើយ ។ នេះជាការអះអាងរបស់លោក ខៀវ សុភ័គ។

សម្រាប់ពាក្យប្តឹងវិញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា ក្រសួងនឹងប្តឹងតំណាងបក្សនេះ ទៅតុលាការនៅពេលឆាប់ៗ ខាងមុខនេះហើយ ។

យោងតាមលិខិតរបស់ក្រសួង ចុះហត្ថលេខាដោយ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយសម្តេចចារ បានឃើញនៅថ្ងៃ១១ វិច្ឆិកា បានឲ្យដឹងថា ក្រសួងសម្រេចឲ្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ធ្វើការស្រាវជ្រាវបុគ្គល ដែលមានចេតនាទុច្ចរិត ក្នុងការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតស្នាមមេដៃ ឲ្យខូចគុណភាព ។

សូមបញ្ជាក់ថា សមាសភាព នៃគណបក្សថ្មីនេះ ត្រូវបានប្រភពមិនបញ្ចេញឈ្មោះ បង្ហើបថា មានលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់ របស់អតីតគណបក្សសង្រ្គោះជាតិ ដែលបានសុំសិទ្ធិធ្វើនយោបាយ កាលពីចុងឆ្នាំ២០២០ ជាអ្នកផ្តួចផ្តើម លោក សៀម ភ្លុក ជាតំណាងស្ថាបនិក គណបក្សបេះដូងជាតិកម្ពុជា និងកញ្ញាស៊ីន ចាន់ពៅរ៉ូស្សិត ។ លោក សៀម ភ្លុកត្រូវបានគេដឹងថា ជាអ្នកចេញមុខសុំច្បាប់ ទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតបក្ស។ ទាំងលោក សៀម ភ្លុក និងស៊ីន ចាន់ពៅរ៉ូស្សិត ត្រូវបានគេដឹងថា ជាមនុស្សស្និទ្ធស្នាលជាមួយលោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង ហើយលោក ថាច់ សេដ្ឋា ក្រោយពីដឹងថា បក្សនេះមិនអាចចេញបាន ក៏ត្រូវបានលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ចាត់តាំងជាអ្នកនាំពាក្យវិញ៕

To Top