ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ត្រៀមសាងសង់បង្គន់​ សាធារណៈបែបស្តង់ដារ សម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្នុងក្រុងកំពង់ចាម រកទីកន្លែងសាធារណៈសមរម្យ ដើម្បីសាងសង់បង្គន់ សាធារណៈ បែបស្តង់ដារ ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងគោលបំណង បញ្ចៀសការបន្ទោរបង់ អាណាធិបតេយ្យ ដើម្បីលើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋ នឹងធ្វើឱ្យសុភណ្ឌភាព ក្នុងក្រុងកំពង់ចាម កាន់តែប្រសើរឡើង ។

លោកអភិបាលខេត្ត បានលើកឡើងអំពីផែនការនេះ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣០ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងឲ្យដឹងថា កន្លងទៅរដ្ឋបាលខេត្តបានរៀបចំផែនការ ក្នុងមួយឆ្នាំត្រូវសាងសង់បង្គន់ សាធារណៈបែបស្តង់ដារ របស់ក្រសួងទេសចរណ៍ អោយបានមួយ ។ ប៉ុន្តែត្រូវជួបបញ្ហាខ្លះៗ ក្នុងឆ្នាំ២០២១នេះ ដោយសារកង្វះខាតទីតាំង ដែលជាដីសាធារណៈរបស់រដ្ឋ ម្យ៉ាងទៀតក្នុងឆ្នាំនេះដែរ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានធ្វើនិយ័តកម្មថវិកា ចំលើការសាងសង់បន្ទប់ទឹក សាធារណៈនេះ ដោយយល់ឃើញថា ក្នុងបរិបទកូវីដ១៩ កំពុងរាតត្បាត មិនទាន់មានប្រជាពលរដ្ឋច្រើន ចេញដើរកម្សាន្តនោះទេ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០២២ខាងមុខនេះ រដ្ឋបាលខេត្តចាំបាច់ ត្រូវស្វែងរកទីតាំង សមរម្យ ដើម្បីសាងសង់បង្គន់ អនាម័យបែបស្តង់ដារ របស់ក្រសួងទេសចរណ៍ ឱ្យបានមួយកន្លែង ដើម្បីទុកឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ ជាប្រយោជន៍លើកកម្ពស់ សោភ័ណភាព ក្នុងក្រុងកំពង់ចាមផង និងលើកកំពស់សុខុមាលភាព ប្រជាពលរដ្ឋក្នុងខេត្តផង ក៏ដូចជាភ្ញៀវទេសចរ មកពីតំបន់នានាផងដែរ ៕

To Top