ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងអំណរគុណ និងដឹងគុណបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ នៅយុទ្ធសាស្រ្តឈ្នះៗ ក្នុងការគ្រប់គ្រង ទៅលើស្ថានភាពកូវីដ-១៩ ដែលបានកំពុងរីករាលដាលនៅកម្ពុជា និងទូទាំងសាកលលោក ហើយរហូតមកទាល់ពេលនេះ កម្ពុជាទទួលបានជោគជ័យខ្លាំង ក្នុងការទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ និងបានកំពុងដាក់ឱ្យ បើកដំណើរការឡើងវិញ ស្ទើរតែគ្រប់វិស័យផងដែរ។
ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែលលោក អ៊ុក សមវិទ្យា អគ្គនាយកអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានសាខា ប.ស.ស. ខេត្ត ខណ្ឌទាំងអស់ នៃ ប.ស.ស. នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
ជាមួយគ្នានឹងការដឹងគុណខាងលើនេះ លោក ក៏បានក្រើនរំលឹក និងណែនាំដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី និងបុគ្គលិកក្នុងស្ថាប័ន ក្រោមឱវាទទាំងអស់ ត្រូវបំពេញការងារឱ្យបានម៉ត់ចត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនដែលជាសមាជិក ប.ស.ស. ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
លោកអគ្គនាយក ក៏បានជម្រុញដល់លោក លោកស្រីជា ប្រធាន អនុប្រធាន និងមន្រ្តី បុគ្គលិក ប.ស.ស. គ្រប់នាយកដ្ឋាន និងគ្រប់សាខាទាំងអស់ធ្វើយ៉ាងណា ពន្លឿនក្នុងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការផ្តល់ការសម្របសម្រួល ឱ្យទាន់ពេលវេលាចំពោះបងប្អូន ដែលជាសមាជិកពេលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស.។
លោក បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរផងដែរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ បើទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ជាពិសេសត្រូវបន្ដអនុវត្តនូវវិធាន “៣កុំ ៣ការពារ” ជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅ សាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រីដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕