ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ១៩ ជាង៣២ម៉ឺនដូស តាមរយៈយន្ដការកូវ៉ាក់ បានដឹកមកដល់កម្ពុជា

ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ ជូនតាមរយៈយន្ដការកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ការផ្ដល់ជូនវ៉ាក់សាំងកូវីដ តាមរយៈយន្ដការកូវ៉ាក់នេះ ជាលើកទី៣ហើយ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់​ ចាក់ជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ វិច្ឆិកា កម្ពុជាទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ជាង៣០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ ចិន ផ្គត់ផ្គង់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់ ។ ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ជប៉ុន អង់គ្លេស និងអាមេរិក តាមរយៈកូវ៉ាក់ ផងដែរ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន១៤.០៥៥.៩៥៨នាក់៕

To Top