ព័ត៌មានជាតិ

មុត ចន្ថា ៖ មិនអាចកាត់ផ្តាច់រវាងលោកសម រង្ស៊ី និងបក្សភ្លើងទៀនបានទេ ព្រោះតែមួយ (Video)

ភ្នំពេញ ៖ មនុស្សជំនិត លោក កឹម សុខា គឺលោក មុត ចន្ថា បានលើកឡើងថា គណបក្សភ្លើងទៀន និងលោក សម រង្ស៊ីគឺតែមួយ។ ការអះអាងថា គឺតែមួយនេះ ត្រូវលោក មុត ចន្ថា បញ្ជាក់យ៉ាងច្បាស់ថា ទោះបីប្តូរទៅជាអ្វីក៏ដោយ គណបក្សជាតិខ្មែរ (១៩៩៥) ប្តូរទៅជា«គណបក្សសមរង្ស៉ី (១៩៩៨)» ប្តូរទៅជា «គណបក្សភ្លើងទៀន (២០១៧)» ក៏គណបក្សនេះនៅតែជារបស់លោក សម រង្ស៉ី និងលោក សម រង្ស៉ី នៅឈរពីក្រោយដដែល។

ការលើកឡើងរបស់លោក មុត ចន្ថា នេះ បន្ទាប់ពីគណបក្សភ្លើងទៀននៅខេត្តកំពង់ធំ បានចាប់ផ្តើមប្រមូលការជួបជុំសមាជិករបស់ខ្លួនឡើងវិញ កាលពីថ្ងៃ១៤ វិច្ឆិកា បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសឲ្យបណ្តាគណបក្សបើកការជួបជុំឡើងវិញ។ ការជួបជុំរបស់គណបក្សភ្លើងទៀន មានសមាជិកចូលរួមប្រមាណជា១០០នាក់ ក្រោយអាក់ខាន៤ឆ្នាំ ។ បើតាមលោក មុត ចន្ថា ដដែល បើគ្មានការអនុញ្ញាតពីលោក សម រង្ស៊ីបក្សនេះ ក៏មិនហ៊ានធ្វើសកម្មភាពបែបហ្នឹងដែរ។

លោក មុត ចន្ថា បានលើកឡើងក្នុងហ្វេសប៊ុកនាថ្ងៃ១៥ វិច្ឆិកាថា អ្នកដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀន ប្រចាំខេត្តសៀមរាប កំពង់ធំ តាកែវ សុទ្ធសឹងតែជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិ ប្រចាំខេត្តទាំងនោះ នៃអតីតគណបក្សសង្រ្គោះជាតិ ចេញពីកូតាគណបក្សសមរង្ស៉ី។

លោកថា “ដូច្នេះសរុបមកវិញ បក្សភ្លើងទៀន គឺជារបស់លោកសម រង្ស៉ី ហើយប្រាកដណាស់គាត់ជាប់ពាក់ព័ន្ធនិងឈរនៅពីក្រោយ” ។

លោក មុត ចន្ថា រៀបរាប់ទៀតថា លោកសម រង្ស៉ី គ្មានគណបក្សតំណាងនៅក្នុងអតីតគណបក្សសង្រ្គោះជាតិទៀតទេ ព្រោះគណបក្សដែលគាត់យកទៅច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតចេញជាគណបក្សសង្រ្គោះជាតិ បានចុះចោលអតីតសម្ព័ន្ធនយោបាយ។ ក្នុងបរិបទនិងទិដ្ឋភាពនយោបាយនេះ អ្នកដែលក្បត់សម្ព័ន្ធភាពមុន គឺលោកសម រង្ស៉ី និងគណបក្សភ្លើងទៀន ដូច្នេះតទៅមុខទៀត គ្មានអ្វីពិបាកញែករវាងលោក កឹម សុខា និង លោកសម រង្ស៉ី ទៀតនោះទេ។

លោកឲ្យដឹងទៀតថា “ល្មមឈប់យល់ច្រឡំនឹងពាក្យស្លោកបោកបញ្ឆោត «សមរង្ស៉ី-កឹមសុខា ជាមនុស្សតែមួយ» ទៀតទៅ”៕

To Top