កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានរៀបចំសាងសង់វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីទុកជាសម្បត្ដិវប្បធម៌ទេសចរណ៍ប្រវត្តិសាស្រ្ត ។

នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២១ ខណៈពេលចុះពិនិត្យទីតាំងសម្រាប់សាងសង់វិមានឯករាជ្យនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រាសាសន៍ថា ការរៀបចំសាងសង់វិមានឯករាជ្យនេះ អាជ្ញាធរខេត្តមានបំណងទុកជាសម្បត្តិវប្បធម៌ទេសចរណ៍ គឺសំដៅទៅលើទីក្រុងស្អាត និងប្រវត្តិសាស្រ្ត សំដៅទៅលើ ខួបកំណើតនៃកងយុទ្ធពលខេមរភូមិន ដែលជាស្នាមព្រហស្ថ របស់ ព្រះរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ដែលព្រះអង្គបានដណ្ដើមឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។
បើតាម អភិបាលក្រុងកំពង់ចាម លោកចាន់ ផល្លី បានបញ្ជាក់ថា ទីតាំងដែលលោកអភិបាលខេត្ត សម្រេចសាងសង់វិមានឯករាជ្យ គឺនៅចំណុចផ្លូវកៅស៊ូមាត់ច្រកចូលទៅសាលាគរុកោសល្យខេត្តកំពង់ចាម ដោយចំណុចនេះ លោកអភិបាលខេត្ត បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ សាងសង់ពង្រីកផ្លូវជាតិឱ្យបានធំទូលាយ ចាប់ពីចំណុចនាគព័ន្ធ រហូត មកដល់ចំណុចទន្លេអុំ ដើម្បីបង្កើនសោភ័ណភាព នៃចំណុចវិមានឯករាជ្យ ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ប្រជាពលរដ្ឋ មកកម្សាន្តផងដែរ ។

លោក ចាន់ ផល្លី បានបញ្ជាក់ទៀតថា វិមានឯករាជ្យនេះ លោកអភិបាលខេត្ត តម្រូវឲ្យជាងសាងសង់រួចរាល់ មុនថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ ២០២២ ៕
