ព័ត៌មានជាតិ

សត្វឈ្លូស ជាប្រភេទមានដោយបង្គួរ អាចបន្លឺសំឡេងឮខ្លាំង ដល់១គីឡូម៉ែត្រ

ភ្នំពេញ ៖ បើតាមលោក នេត្រ ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ឈ្លូសបន្លឺសំឡេងខ្លាំង និងតតបគ្នារហូតដល់ រយៈពេល១ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះ អាចឮរហូតដល់ ១ គីឡូម៉ែត្រ។

លោក នេត ភត្រាបានរៀបរាប់ក្នុងហ្វេសប៊ុក នាថ្ងៃ១៦ វិច្ឆិកាថា សត្វប្រភេទនេះ កំពុងប្រឈមនឹងរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារតែ ពពួកសត្វស៊ីសាច់ជាអាហារ។ តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ ឈ្លូសបន្លឺសំឡេងខ្លាំង និងតតបគ្នារហូតដល់រយៈពេល ១ ម៉ោង ប្រសិនបើវា ជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះ អាចឮរហូតដល់ ១ គីឡូម៉ែត្រ។ ចំណីរបស់វាមានដូចជា មែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់ និងដំណុះកូនឈើ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាព និងរកចំណីពេញមួយយប់ ប្រសិនបើមានការរំខាន។ រដូវបន្តពូជប្រព្រឹត្តទៅនៅខែធ្នូ រហូតដល់ខែមករា និងផ្តល់កំណើតកូនមួយក្បាល ជួនកាលភ្លោះ ប៉ុន្តែកម្រមានណាស់។

សត្វឈ្លូស ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរ នៅលើពិភពលោក។ សត្វឈ្លូស ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្ស នៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះ មាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។

រហូតមកទល់នឹងពេលនេះ មិនមានទិន្នន័យច្បាស់លាស់ថា នៅលើពិភពលោកមានសត្វឈ្លូស ប៉ុន្មានក្បាលឡើយ ប៉ុន្តែយោងតាមការសិក្សា របស់អ្នកជំនាញ ចំនួនសត្វឈ្លូស មាននិន្នាការធ្លាក់ចុះ។

សម្រាប់កម្ពុជា សត្វឈ្លូសសម្បូណ៌ស្ទើរគ្រប់ទីកន្លែង តែមិនមានអាចប៉ាន់ស្មានដឹង ចំនួនពិតប្រាកដឡើយ ។ ប៉ុន្តែយោងតាមការរបាយការណ៍ ការសិក្សារវាងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្ស សត្វព្រៃកម្ពុជា WCS លើរបាយសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០២០ កន្លងទៅ បានរកឃើញថា ប្រភេទសត្វមួយចំនួន មានការកើនឡើង និងខ្លះមានចំនួនថេរ និងខ្លះមានការធ្លាក់ចុះ ហើយក្នុងចំណោមប្រភេទសត្វ ដែលមានចំនួនធ្លាក់ចុះ ដូចជាទន្សោង ខ្ទីង រមាំង ប្រើសជាដើមនោះ សត្វឈ្លូសក៏ត្រូវ បានរកឃើញថា មានការធ្លាក់ចុះ ក្នុងរយពេល១០ឆ្នាំមកនេះ ពោលគឺនៅឆ្នាំ ២០១០ នៅដែនជម្រកសត្វព្រៃកែវសីម៉ា អ្នកជំនាញប៉ាន់ស្មានថា មានសត្វឈ្លូសប្រមាណ ៣៤២០ ក្បាល តែនៅឆ្នាំ២០២០ មានប្រមាណ ៧៣០ ក្បាលប៉ុណ្ណោះ។

ក្រសួងបរិស្ថាន បាននឹងកំពុងសហការ ជាមួយអង្គការដៃគូ និងសហគមន៍ តំបន់ការពារធម្មជា តិពង្រឹងការអនុវត្តច្បាប់ និងបង្កើនកិច្ចការអភិរក្ស ក៏ដូចជាការស្វះស្វែងរកដំណោះស្រាយ និងជម្រើសផ្សេងៗដល់ ប្រជាពលរដ្ឋរស់នៅ តាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនប្រសិទ្ធភាព ការគ្រប់គ្រងធនធានធម្មជាតិ។ ក្រសួងបរិស្ថានក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋបញ្ឈប់ ការបរិភោគសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់ និងងាកមកចូលរួមការពារ និងអភិរក្សជីវៈចម្រុះទាំងនេះ សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕

To Top