នយោបាយ

សម្តេច សាយ ឈុំ ៖ កិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុបលើកទី១១ ស្ថិតក្នុងបរិបទពិភពលោក រងការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ការរីករាលដាលជំងឺកូវីដ

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា កិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) នេះ ធ្វើឡើងក្នុងបរិបទពិភពលោក នៅតែបន្តទទួលរងនូវការគំរាម កំហែង ដ៏ធ្ងន់ធ្ងរ នៃការរីករាលដាល ជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11)ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃ ១៦ វិច្ឆិកា តាមប្រព័ន្ធវីឌីអូ សម្តេចប្រធានព្រឹទ្ធសភា បានលើឡើងថា “ជំងឺកូវីដ-១៩ បានកើតឡើងចំពេលដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្រ្តពិភពលោក ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងឡើង ៗរវាងប្រទេសមហាអំណាច ការកើនឡើងនៃឯកតោភាគីនិយម និងការគាំពារនិយមជាដើម”។

សម្តេចគូសបញ្ជាក់ថា ទាំងអស់គ្នាជាតំណាងឲ្យម្ចាស់ឆ្នោត និងតំណាងឲ្យ៦០% នៃប្រជាជនលើពិភពលោក មានកាតព្វកិច្ចរួមគ្នាពិចារណា និងផ្តល់អនុសាសន៍ដោយឈរលើគោលការណ៍សហប្រតិបត្តិការបើកចំហរ គោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមនៃតំបន់អាស៊ី-អឺរ៉ុប និងសកលលោក។

ជាមួយគ្នានោះដែរ សម្តេចមានជំនឿថា អង្គប្រជុំនឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃ ពហុភាគីនិយម ដើម្បីផ្តល់សារស្ថាបនា ទៅកាន់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ASEM ដែលនឹងជួបប្រជុំនៅថ្ងៃ២៥-២៦ វិច្ឆិកាខាងមុខ និងដៃគូពាក់ព័ន្ធទាំងអស់ អំពីកង្វល់រួម ឆ្លើយតបទៅនឹងបញ្ហា ប្រឈម នាពេលបច្ចុប្បន្ន និងនាពេលអនាគត ព្រមទាំងបង្ហាញបំណងប្រាថ្នា និងឆន្ទៈ នយោបាយ ដើម្បីឈានទៅលុបបំបាត់គ្រោះ មហន្តរាយបណ្តាលមកពីជំងឺកូវីដ-១៩ និងដើម្បីស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ បានឆាប់រហ័ស ៕

To Top