ភ្នំពេញ ៖ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឆ្លើយតបទៅសកម្មជននយោបាយនិងបរិស្ថានថា ពន្ធនាគារ គឺជាទីកន្លែងឃុំឃាំងមនុស្ស សម្រាប់អនុវត្តទោស និងជាកន្លែងអប់រំកែប្រែអ្នកទោស ដើម្បីធ្វើជាប្រជាពលរដ្ឋល្អ មិនមែនកន្លែងរស់នៅសុខស្រួល មានអាហារឆ្ងាញ់ៗ ដូចខាងក្រៅនោះទេ ។
ការលើកឡើងរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបែបនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការលើកឡើងប្រកបដោយចេតនាមិនស្មោះត្រង់ ឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយបំភ្លៃការពិតរបស់អតីតជនជាប់ឃុំជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្ស សង្គម និងបរិស្ថាន ។ អ្នកជាប់ពន្ធនាគារដែលទើបចេញមក បានរអ៊ូរទាំរឿងការរស់នៅក្នុងពន្ធនាគារ។
អ្នកជាប់ឃុំដែលតុលាការទើបដោះលែងថ្មីៗនេះអះអាងថា ពន្ធនាគារគ្មានការរៀបចំត្រឹមត្រូវ គ្មានអនាម័យ និងមានអំពើពុករលួយ។ ពួកគេ និងមន្ត្រីសង្គមស៊ីវិលបន្តជំរុញរដ្ឋាភិបាលកែលម្អបញ្ហានេះឡើងវិញ ដើម្បីឲ្យពន្ធនាគារសមជាកន្លែងអប់រំកែប្រែមនុស្ស។ សកម្មជន បរិស្ថាន សង្គម និងសកម្មជននយោបាយ លើកឡើងស្រដៀងគ្នាថា ជីវិតក្នុងពន្ធនាគារនៅតែជួបបញ្ហាដដែលៗដូចជា បន្ទប់ចង្អៀតណែន គ្មានទឹកស្អាតប្រើប្រាស់ គ្មានថ្នាំព្យាបាលត្រឹមត្រូវ បាយម្ហូបគ្មានអាហារូបត្ថម្ភ និងគ្មានអនាម័យជាដើម។ នេះបើតាមការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីនាពេលថ្មីៗនេះ។
លោក នុត សវនា បានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃ១៦ វិច្ឆិកាថា «សរុបសេចក្ដីមក សិទ្ធិជាមូលដ្ឋានអប្បបរមារបស់ជនជាប់ឃុំគ្រប់រូបត្រូវបានគោរព និងធានាការពារ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរពន្ធនាគារក៏ទទួលស្គាល់ផងដែរថា ពន្ធនាគារគឺជាទីកន្លែងឃុំឃាំងមនុស្សដើម្បីអនុវត្តទោសព្រហ្មទណ្ឌ និងជាទីកន្លែងអប់រំកែប្រែអ្នកទោស ដើម្បីកែប្រែខ្លួនជាពលរដ្ឋល្អ មិនមែនជាទីកន្លែងរស់នៅសុខស្រួល មានអាហារឆ្ងាញ់ៗ និងមានការផ្ដល់សេវាសុខាភិបាលបានប្រសើរដូចនៅក្នុងសហគមន៍នោះទេ»។
លោកបន្ដថា អាជ្ញាធរពន្ធនាគារ បានលើកទឹកចិត្តឲ្យអតីតជនជាប់ឃុំ កែប្រែខ្លួនជាពលរដ្ឋល្អ គោរពច្បាប់ឲ្យបានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌទាំងឡាយដូចមានចែងក្នុងសាលក្រមរបស់តុលាការ ចៀសវាងការប្រឈមនឹងវិធានការផ្លូវច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ចដែលអាចឈានដល់ការនាំខ្លួនត្រឡប់មកឃុំនៅពន្ធនាគារវិញជាយថាហេតុ ៕