Covid-19

សម្តេចតេជោ៖ ចិន ជាប្រទេសឈានមុខគេ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង កូវីដ១៩ ដល់កម្ពុជា

ភ្នំពេញ៖ ប៉ុន្មានម៉ោងមុន នៃការមកដល់នៃវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិន ចំនួន២លានដូសបន្ថែមទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបាន ផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១» ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានក្លាយទៅជាធាតុដ៏សំខាន់ ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋលឿនជាងផែនការ។ ការសម្រេចបាននូវផែនការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដ៏លឿននេះ បានធ្វើឱ្យកម្ពុជាអាចយកឈ្នះ លើការរាតត្បាតជំងឺកូវីដ-១៩ និងឈានដល់ការ បើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ ដូចពេលបច្ចុប្បន្ននេះ ៕

To Top