ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន២លានដូសដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានដឹកមកដល់កម្ពុជាហើយនៅម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាននៃការអញ្ជើញទទួលដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

នាឱកាសប្រគល់-ទទួលវ៉ាក់សាំង ចំនួន២លានដូសនោះដែរ មានការអញ្ជើញចូលរួមពី លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា, មន្ដ្រីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
គិតត្រឹមថ្ងៃទី១៧ វិច្ឆិកា នេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងដៃ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង៤០លានដូស។ លើសពីនេះទៀត ប្រទេសចិន បានផ្គត់ផ្គង់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់ទាំងជំនួយ និងការបញ្ជាទិញ។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក (WHO) តាមរយៈយន្តការកូវ៉ាក់ ជប៉ុន អង់គ្លេស និងអាមេរិក តាមរយៈកូវ៉ាក់ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ ចាក់ជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤.០៧៩.០៤៩នាក់។

លើសពីនេះទៀត វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឲ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជាងផែនការ។ ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដ៏លឿននេះ បានធ្វើឲ្យកម្ពុជាអាចយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ និងឈានដល់ការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញដូចពេលបច្ចុប្បន្ននេះ៕
