ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមកទល់ពេលនេះសម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ តាមរយៈការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ជាពិសេស ការបើកទទួលទេសចរអន្តរជាតិ ឡើងវិញ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ។ លោកថា នេះជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ផ្សេងៗ ទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីផលប៉ះពាល់នៃការរីការាល់ដាលនៃជំងឺកូវីដ-១៩ ។
លោកបានបញ្ជាក់ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវា សុខាភិបាល, លើកកម្ពស់សន្តិសុខស្បៀង, និងកែល្អជីវភាពរបស់ប្រជាជន ជាពិសេស ប្រជាជននៅជនបទ អ្នកបាត់បង់ ការងារនៅទីក្រុង ស្រ្តីរងគ្រោះដោយសារអំពើហឹង្សា និងជនពិការ»។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់លើចំណុចវិជ្ជមាននៃ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ចទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគដែលមានការកើនឡើងគួរឲ្យកត់សម្គាល់នានាថ្មីនេះ។
លោក អូន ព័ន្ធមុនីរ័តូ បានថ្លែងអំណរគុណជាថ្មីម្ដងទៀតដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានរួមវិភាគទានដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។ ភាគីទាំងពីរនឹង បន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត។
លោកគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់រដ្ឋាភិបាលអាមេរិក ក្នុងការជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ហិរញ្ញប្បទាន ឥតសំណងសរុបប្រមាណជា ១៥ លានដុល្លារអាមេរិក។ ថវិកាទាំងនះ ត្រូវបានផ្តល់ឲ្យប្រើប្រាស់តាម រយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវឹង-១៩ និងប្រើប្រាស់ ផងដែរសម្រាប់ការស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា៕