ព័ត៌មានជាតិ

ប.ស.ស. សម្រេចអនុម័ត លើសេចក្តីព្រាង ព្រះរាជក្រឹត្យស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការអនុវត្ត ផ្នែកប្រាក់សោធន សម្រាប់បុគ្គល នៃវិស័យសាធារណៈ

ភ្នំពេញ៖ បន្ទាប់ពីបានប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលដោយក្រុមការងារអ្នកច្បាប់ នៃ ប.ស.ស. ជាច្រើនលើកកន្លងមក  នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកបណ្ធិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បានផ្ដល់កិត្តិយស ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១០ អាណត្តិទី១ របស់ខ្លួន ដើម្បីត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ព្រះរាជក្រឹត្យស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអនុវត្ត ផ្នែកប្រាក់សោធន សម្រាប់បុគ្គលនៃវិស័យសាធារណៈ និងបញ្ហាផ្សេងៗ ទៅតាមកម្មវិធីដែលបានគ្រោងទុក។

ក្នុងកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យនេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិក នៃក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ក្នុងន័យប្រមូលបាននូវធាតុចូលសំខាន់ៗ ដើម្បីកំណត់អំពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការចុះបញ្ជី ការបង់ភាគទាន អត្រាភាគទាន អត្រាសមាច័យ ការទាមទារ និងការផ្ដល់តាវកាលិកផ្សេងៗ ដែលមានក្នុងព្រះរាជក្រឹត្យ ខាងលើនេះប្រកបដោយភាពត្រឹមត្រូវ និងកាន់តែ មានលក្ខណៈល្អប្រសើរ ដើម្បីធានាបាននូវចីរភាព និងសង្គតិភាព ធ្វើយ៉ាងណាឱ្យអនុវត្តស្របទៅតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល និងដូចមានចែងក្នុងច្បាប់ ស្ដីពីរបបសន្តិសុខសង្គមផងដែរ។

ទន្ទឹមជាមួយគ្នានេះ  លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានសម្តែងនូវការសាទរនូវលទ្ធផលជាច្រើន ដែលក្រុមប្រឹក្សាភិបាល នៃ ប.ស.ស បានខិតខំប្រឹងប្រែង ដោយផ្ទាល់នាពេលកន្លងមក។

លោកបណ្ឌិតរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. គ្រប់រូប និងបន្ដព្យាយាម ខិតខំប្រឹងប្រែងបន្ថែមទៀត  ដើម្បីរៀបចំនូវលិខិតបទដ្ឋានទាំងឡាយ ព្រមទាំងរៀបចំ នូវគោលនយោបាយ និងយន្តការផ្សេងទៀត ឱ្យល្អប្រសើរ ដើម្បីធានាបានក្នុងការអនុវត្ត របបសន្ដិសុខសង្គមកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

បន្ទាប់ពីបានឆ្លងកាត់កិច្ចប្រជុំពិភាក្សា និងកែសម្រួល ពេញ ១ព្រឹក នេះ សេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអនុវត្ត ផ្នែកប្រាក់សោធនសម្រាប់បុគ្គល នៃវិស័យសាធារណៈ ដែលមាន ៩ជំពូក និង៣២មាត្រា ត្រូវបានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. សម្រេចអនុម័តទាំងស្រុង ។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ពេញមួយព្រឹកនេះ ប្រព្រឹត្តទៅនៅទីស្តី ការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសមាសភាព ចូលរួមពីសមាសជិកក្រុមប្រឹក្សាភិបាល សរុបចំនួន ១១ រូប តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ៕

To Top