ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យភាគីចិន នាំយកវត្ថុធាតុ ដើមរួមផ្សំនិង ផ្នែកបច្ចេកទេស ដើម្បីផលិតវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅកម្ពុជា សម្រាប់ចាក់ជូនពលរដ្ឋ និង លក់ទៅកាន់បណ្តាផ្សេងទៀត ។
ខណៈអញ្ជើញទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ថែមទៀត នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ប្រទេសចិន កន្លងមក គឺកម្ពុជានៅត្រូវការផ្គត់ផ្គង់វ៉ាក់សាំង ពីចិនបន្តទៀត ។
សម្តេចគូសបញ្ជាក់ថា «ឯកឧត្តមនាយករដ្ឋមន្ត្រីបានសន្យាផ្តល់វ៉ាក់សាំង មកកម្ពុជា ហើយខ្ញុំក៏បាននិយាយការ ផ្គត់ផ្គត់បន្ត ហើយរហូតនិយាយ ដល់គំនិតផ្តួចផ្តើម វ៉ាក់សាំងនៅកម្ពុជាតែម្តង ហើយក្នុងនោះមានប្រទេសមួយចំនួន បានធ្វើរួចហើយ គេបានផលិតវ៉ាក់សាំង ។ ចុងក្រោយនៅក្នុងប្រទេសកម្ពុជា តាមរយៈការដឹកជញ្ជូនមកផលិត នៅមូលដ្ឋានកម្ពុជា ហើយផ្តល់ប្រភព វ៉ាក់សាំងពីចិន»។
សម្តេចតេជោបន្តថា ចិនផលិតវ៉ាក់សាំងនៅកម្ពុជា បានធ្វើឲ្យកម្ពុជា មានលទ្ធភាពទិញវ៉ាក់សាំងផលិត នៅក្នុងប្រទេស ប្រើប្រាស់ក្នុងប្រទេសខ្លួន ហើយក៏មានលទ្ធភាពចែកចាក់វ៉ាក់សាំងនេះទៅកាន់ប្រទេសទៃទៀតតាមរយៈការបញ្ជាទិញ ។ តាមរយៈសំណើរនេះ សម្តេចតេជោ សង្ឃឹមថា នាយករដ្ឋមន្ត្រីចិន យកទៅប្រាប់ប្រធានាធិបតីចិន ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀត ដើម្បីបើកឱកាសឲ្យមានការផលិតវ៉ាក់សាំងនៅកម្ពុជា ។ ការស្នើនេះ ត្រូវបានសម្តេចអះអាងថា ព្រោះមិនទាន់ដឹងថា ជំងឺកូវីដ១៩ អាចនឹងចប់ នៅពេលណានោះទេ ។ ដូច្នេះបើអាចផលិតវ៉ាក់សាំង ដែលជាដំណាក់ កាលចុងក្រោយ ហើយជាផលិត ផលសម្រេច នៅក្នុងប្រទេស នឹងធ្វើឲ្យកម្ពុជា មានឱកាសច្រើនសម្រាប់ការពារអាយុជីវិតប្រជាជន ដោយមិនចាំបាច់រកនៅឆ្ងាយ ។
សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា បើយើងធ្វើដូច្នេះ យើងធានាបាន បើទោះបីជាកូវីដត្រូវបន្លាយពីរឬបីឆ្នាំឬប្រាំឆ្នាំទៀត យើងមានមូលដ្ឋានវ៉ាក់សាំង នៅក្នុងប្រទេសយើង ។ ខ្ញុំប្រគល់ដល់ក្រសួងសុខាភិបាល ធ្វើកិច្ចការជាមួយស្ថានទូតចិន ក៏ដូចជាបើកគ្រប់ផ្នែកទាំងអស់ ក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា»។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានដឹងថា ឥណ្ឌូនេស៊ី និងថៃក៏បានធ្វើបែបនេះដែរ។ វ៉ាកសាំង អាស្ត្រាហ្សេនេការ បានដឹកជញ្ជូនមកផលិតនៅថៃ ហើយកម្ពុជាក៏មានលទ្ធភាពដូចករណីនេះ គឺដឹកស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម មកផលិតចុងក្រោយ ដែលអាចឲ្យកម្ពុជា អាចទិញសម្រាប់ចាក់ខ្លួនឯង និងដឹកទៅក្រៅប្រទេសផង ។
សម្តេចតេជោក៏បានលើកឡើងថា មិត្តចិន បានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យកម្ពុជាសរុបចំនួន ៣៦លាន៨សែនដូស ក្នុងនោះវ៉ាក់សាំងជាជំនួយមានចំនួន ៨លាន៣សែនដូស និងវ៉ាក់សាំងបញ្ជាទិញចំនួន២៨លាន៥សែនដូស ។
សម្តេចតេជោបន្តថា វ៉ាក់សាំងមានប្រភពមកពីចិនគឺវ៉ាក់សាំងស្នួលសម្រាប់កម្ពុជា និងជាកូនសោរគន្លឹះដល់សុខភាពសាធារណៈ និងជួយអាយុជីវិត របស់ប្រជាជនកម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា «ចិនគឺជាមិត្តដែកថែកដែលតែងតែជួយកម្ពុជាគាំទ្រកម្ពុជា ក្នុងគ្រាលំបាកបានទាន់ពេល និងគ្មានលក្ខខណ្ឌ។ ចិនបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុមនុស្សជាតិ និងជំងឺកូវីដ១៩ និងតែងតែគាំទ្រ និងយកចិត្តទុកដាក់ លើដំណើរ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ ទន្ទឹមនេះការផ្តល់ វ៉ាក់សាំងមកកម្ពុជា និងប្រទេសដទៃ បង្កាញពីភាពអ្នកដឹកនាំ សកលរបស់ប្រទេសចិន ក្នុងការចាត់ទុកវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជាទំនិញសាធារណៈសកល» ៕ សំណាង