ភ្នំពេញ ៖ លោក ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ បានថ្លែងថា អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ ទទួលរងផលប៉ះពាល់ខ្លះ ពីការរីករាលដាល នៃមេរោគកូវីដ-១៩ ដោយប៉ះពាល់លើផ្នែកសេដ្ឋកិច្ចកម្ពុជាដែលចាប់ផ្ដើមពីឆ្នាំ២០២០។
ក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើងដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឆាយ ថន បានឲ្យដឹងថា ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលនៃការប្រើប្រាស់ និងធ្វើឲ្យប្រសើរឡើងនូវវិធីសាស្ត្រ សម្រាប់វាស់វែងភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្ត កែសម្រួលបញ្ជីសំណួរសម្រាប់អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០ ដើម្បីទទួលបានព័ត៌មានប្រសើរជាងមុន ស្តីពីការប្រើប្រាស់ ដោយប្រើបញ្ជីលម្អិត និងកត់ត្រាពីបរិមាណប្រើប្រាស់និងតម្លៃនៃមុខ ទំនិញនីមួយៗ និងធ្វើការកែសម្រួលឲ្យបានជាវិធីសាស្ត្រមួយស្របទៅនឹងឧត្តមានុវត្តអន្តរជាតិ។
លោកបញ្ជាក់ថា «អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ-១៩។ ការរីករាលដាលកូវីដ-១៩ លើសេដ្ឋកិច្ចកម្ពុជាដែលបានចាប់ផ្ដើមពីដើមឆ្នាំ២០២០ តាមរយៈការបង្កផលប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើវត្ថុធាតុដើម សម្រាប់ការផលិតផលិតផលនាំចេញ , ការថយចុះការបញ្ជាទិញពីក្រៅប្រទេស និងការធ្លាក់ចុះនចំនួន ភ្ញៀវទេសចរណ៍ ប៉ុន្តែផលប៉ះពាល់លើកម្រិតជីវភាពរស់នៅរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្តើមពីខែមេសាឆ្នាំ២០២០ នៅពេលដែលវិធានការណ៍ការរឹតបន្តឹងនានាត្រូវបានអនុវត្ត»។
លោកទេសរដ្ឋមន្ដ្រី បានលើកឡើងថា ផ្អែកលើវិធីសាស្ត្រដែលបានកែសម្រួល និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជា មានចំនួន ១០៩៥១រៀល ក្នុងម្នាក់ ក្នុងមួយថ្ងៃ។ ផ្អែកលើមូលដ្ឋាននៃខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិនេះ ខ្សែបន្ទាត់ភាពក្រីក្រតាមតំបន់ ដូចជា ៖ ១ ០៩៥១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ នៅរាជធានីភ្នំពេញ , ៩ ៥៧១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ នៅតំបន់ទីប្រជុំជនផ្សេងទៀត , ៨ ៩០៨រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ នៅតំបន់ជនបទ។
លោកបន្ថែមថា ដោយប្រើប្រាស់ខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ ២០១៩-២០២០ មានកម្រិត ១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត ១២,៦% និងតំបន់ជនបទ ២២,៨%៕