ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិត ដែលលួចរត់ចេញពីពន្ធនាគារ ខេត្តស្ទឹងត្រែង ដែលនៅពេលនេះ សម្រេចបានជោគជ័យ។

កាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២១ ទណ្ឌិត ចំនួន៧រូប បានវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង ហើយលួចរត់គេចខ្លួន។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែង ថា «ខ្ញុំសូមជម្រាបជូនបងប្អូន ជនរួមជាតិអំពីលទ្ធផល នៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញ នូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ដែលនៅពេលនេះយើង សម្រេចបានជោគជ័យ។ តាមលទ្ធផលនៅថ្ងៃនេះ សមត្ថកិច្ចមូលដ្ឋាន បានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំ ចំនួន៧នាក់ មកវិញហើយ ដែលទណ្ឌិតទាំងនោះ បានវាយទម្លុះជញ្ជាំងពន្ធនាគារ លួចរត់គេចខ្លួន កាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ»។

សម្ដេច ក៏បានសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំង ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ។

សម្ដេច បានបញ្ជាក់ជាថ្មីទៀត ជូនជនរួមជាតិដែរថា ដំណើរការអធិការកិច្ច ចំពោះបញ្ហា ដែលបានកើតឡើង ធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះ គឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះ ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។

សម្ដេច បានបញ្ជាក់ទៀតថា «ដូចដែលខ្ញុំបានជម្រាប ពីពេលមុនមកហើយថា លទ្ធផលជោគជ័យ នៃប្រតិបត្តិការនេះ ពិតជាកើតឡើង បានដោយសារ តែមានការចូលរួម របស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញ នូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថា គ្រប់សកម្មភាពសង្គម អាចសម្រេចបាន គឺ ពិតជាមានការចូល រួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាព ដែលលទ្ធផល នេះបានបង្ហាញថា បងប្អូនប្រជាពលរដ្ឋយើង ពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោល នយោបាយភូមិឃុំ មានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ»៕


