ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលក្រម និង បានផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដែលនិយមរួមភេទប្រុស និង ប្រុស ដោយសម្រេច ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធកាសម្លាប់ និង ប៉ុនប៉ងរំលោភសេពសន្ថវៈ កុមារាម្នាក់អាយុ ១០ឆ្នាំ រួចយកចោលសាកសពក្នុងបឹងឈូក ក្នុងព្រៃត្រែង រួចគេចខ្លួន។
អំពីឃាតកម្មនេះ មានកើតឡើង កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ នៅក្នុងព្រៃត្រែង ស្ថិតនៅក្នុងភូមិបោះអង្គាញ់១ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក៏ប៉ុន្តែ សាកសពរបស់ជនរងគ្រោះ ត្រូវបានគេប្រទះឃើញ ហើមស្អុយរលួយ នៅថ្ងៃ ទី ២ ខែ មេសា ឆ្នាំ ២០២១។
លោក រស់ សាម៉ីឌី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹងក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ អុន ភាមុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
រីឯ កុមារារងគ្រោះ មានឈ្មោះ ជា ប៊ុនហេង អាយុ១០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ ចោទត្រូវបានជាប់ចោទពីបទ “ឃាតកម្មដោយការធ្វីទារុណកម្ម ឬ អំពីឃោរឃៅ ឬ រំលោភសេពសន្ថវៈ” តាមបញ្ញត្តិមាត្រា ២០៥ នៃ ក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២១ បន្ទាប់ពីគាត់បានសម្លាប់ ជនរងគ្រោះ កាលពីថ្ងៃ ទី ៣១ ខែ មីនា ឆ្នាំ ២០២១ ដោយយកសាកសព ទៅបោះចោលនៅក្នុងព្រៃត្រែង ស្ថិត នៅក្នុងសង្កាត់ព្រែកឯង រួចជិះម៉តូគេចខ្លួនវិញ៕
ដោយ រស្មី អាកាស