ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បាន ចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ។
ក្នុងនោះលោករដ្ឋមន្ត្រីទាំងពីរ បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រង នៅព្រលានយន្តហោះអន្តរជាតិសៀមរាប រួមមាន ៖
១- សម្រាប់អាកាស យាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាលស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។
២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាស ពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ៕