ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងរបៀបផ្ញើសារដាស់តឿន ទៅមនុស្សទាំងឡាយណា ដែលចេញពីគុក ហើយរក្សាជំហរក្នុងការធ្វើសកម្មភាព ប្រឆាំងជាក់ស្តែងដដែលនោះ នឹងចូលគុកវិញហើយ ។

លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ១៨ វិច្ឆិកា នេះបានលើកឡើងថា “អ្នកដែលបានចេញពីគុក បើថាមានជំហរដដែលជាទ្រឹស្តីបាន ។ តែបើធ្វើសកម្មភាពប្រឆាំងជាក់ស្តែង នឹងត្រូវចូលគុកវិញ”។
លោកថា ម្ហូបក្នុងគុក គឺជាម្ហូបសម្រាប់អ្នកទោស ម្ហូបនៅសណ្ឋាគារ គឺជាម្ហូបអាហារសម្រាប់ភ្ញៀវ ។
សូមបញ្ជាក់ថា ក្រោយពីបានចេញពីពន្ធនាគារ សកម្មជននយោបាយ ការពារបរិស្ថាន ធនធានធម្មជាតិ និងសង្គមពួកគេ នៅតែអះអាងថា នឹងបន្តធ្វើសកម្មភាពរបស់ពួកគេធ្លាប់កន្លងមកដដែល ដោយគ្មានបញ្ឈប់ឡើយ ទោះបីជាត្រូវដាក់ស្ថិតនៅក្រោមការឃ្លាំមើល របស់តុលាការក៏ដោយ។
ក្នុងនោះបុគ្គលលេចធ្លោជាងគេគឺ លោក រ៉ុង ឈុនដែលមានសកម្មភាព ខាងតស៊ូមតិនានា បានចាប់ផ្ដើមការងារ ការពារសិទ្ធិមនុស្សឡើងវិញ ខណៈក្រុមយុវជនដែលទើបត្រូវបាន ដោះលែងផ្សេងៗទៀត ក៏គ្រោងធ្វើសកម្មភាព នាពេលឆាប់ៗដែរ។ ពួកគាត់ភាគច្រើន បានជាប់ពន្ធនាគារជាង១ឆ្នាំ៕


