នយោបាយ

ក្រុមមេធាវីរាជរដ្ឋាភិបាល ៖ កម្ពុជាគ្មានអ្នកទោសនយោបាយ មានតែអ្នកនយោបាយជាប់ទោស ដោយប្រព្រឹត្តល្មើសច្បាប់

ភ្នំពេញ ៖ លោក គី តិច ក្រុមមេធាវីរាជរដ្ឋាភិបាល បានឲ្យដឹងថា កម្ពុជា គ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោស និងទណ្ឌកម្ម តាមការកំណត់នៃច្បាប់។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គី តិច បានបញ្ជាក់ថា «ជនដែលប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោស និងទណ្ឌកម្ម តាមការកំណត់នៃច្បាប់។ ការអនុវត្តទោសទណ្ឌ តាមសេចក្ដីសម្រេចរបស់តុលាការដែលបានឆ្លងកាត់ដំណើរការនីតិវិធីតាមផ្លូវច្បាប់ និងក្លាយជាសេចក្តីសម្រេច ស្ថាពររួចហើយនោះ ជានិយាមអនុវត្តទូទៅ និងជាប្រក្រតី នៅគ្រប់បណ្តាប្រទេសដែលប្រកាន់យកនីតិរដ្ឋ»។

លោកមេធាវីបន្ដថា នៅពេលបុគ្គលណាម្នាក់ ប្រព្រឹត្តអំពើជាបទល្មើសព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌកម្ពុជាកំណត់ចែងនូវទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ជាអាទិ៍ ដែលជាលទ្ធផលនៃបណ្ដឹងអាជ្ញា និងទណ្ឌកម្មសំណងផ្នែក រដ្ឋប្បវេណី ដែលជាលទ្ធផលនៃបណ្តឹងរដ្ឋប្បវេណៈ ដើម្បីជួសជុលការខូចខាតរបស់ជនរងគ្រោះដែលបណ្តាលមកពី អំពើល្មើសនោះ។

លោកបន្ថែមថា ប្រសិនបើពិរុទ្ធជន មិនអនុវត្តសងសំណងជួសជុលការខូចខាតដល់ដើមបណ្តឹងដោយស្ម័គ្រចិត្តទេ ដើមបណ្ដឹងមានសិទ្ធិសុំឱ្យតុលាការ រឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជនយកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសង សំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ ឬដែលមានអានុភាពអនុវត្តដោយបង្ខំ បើទោះបីជាពិរុទ្ធជនបានគេចខ្លួន មិនទាន់អាចឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តទោសព្រហ្មទណ្ឌលើបុគ្គលនោះក្តី។

លោកបញ្ជាក់ទៀតថា បុគ្គលឈ្មោះ សមរង្ស៊ី និង ជូឡុង សូមួរ៉ា បានប្រព្រឹត្តអំពើដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាបញ្ញត្តិថា ជាបទល្មើស។ នីតិវិធីរបស់តុលាការ បានប្រព្រឹត្តទៅតាមលំដាប់លំដោយ រហូតចប់សព្វគ្រប់តាមច្បាប់ជាធរមាន ហើយបុគ្គលនេះត្រូវបានតុលាការរកឃើញមានពិរុទ្ធភាពចំពោះការប្រព្រឹត្តអំពើល្មើសនឹងច្បាប់ព្រហ្មទណ្ឌ តាមរយៈសេចក្ដីសម្រេច របស់តុលាការ ដែលបានក្លាយជាស្ថាពរ បិទផ្លូវតវ៉ា និងមានអានុភាពអនុវត្ត ដែលជាលទ្ធផលបានកំណត់ផ្តន្ទាទោស ជនល្មើសនេះពីបទព្រហ្មទណ្ឌ និងកំណត់ផ្តល់សំណងរដ្ឋប្បវេណី ជូនដើមបណ្តឹងជាជនរងគ្រោះ៕

To Top