ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំនេះ បានឃាត់ខ្លួន និង បញ្ជូនខ្លួនជនសង្ស័យម្នាក់ ជាប្រជាការពារ ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីធ្វើការសាកសួរ និង ចោទប្រកាន់ តាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការវ៉ៃ បុរសចំណាស់ម្នាក់ ជាអតីតយោធិនពិការ និង ជាប្រជាការពារ ដោយជម្លោះពាក្យសម្តីគ្នា និង ស្រវឹងស្រា បណ្តាលអោយជនរងគ្រោះត្រូវស្លាប់ ប្រព្រឹត្ត នៅក្នុងសាលាសង្កាត់បឹងទំពន់ទី២ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១។
សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានអោយដឹងថា ជនសង្ស័យ រូបនេះមានឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅផ្ទះលេខ ២០៤ តាមបណ្តោយផ្លូវ ៣៧១ ក្នុងភូមិក្បាលទំនប់ ២ សង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកឯ ជនរងគ្រោះមានឈ្មោះ អេម វន ភេទប្រុស អាយុ ៧១ឆ្នាំ មានទីលំនៅផ្ទះលេខ ២១៨ ស្ថិតតាមបណ្តោយផ្លូវលេខ ៣៧១ក្នុងភូមិព្រែកតាគង់ ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ( ជាជនពិការជើងស្តាំ)។
ជនសង្ស័យ និង ជនរងគ្រោះ គឺ ជាប្រជាការពារសង្កាត់ជាមួយគ្នា និង មានទីលំនៅ នៅក្នុងសង្កាត់ជាមួយគ្នា ផងដែរ។
សមត្ថកិច្ចនគរបាលបាននិយាយថា ជនសង្ស័យត្រូវបានជាប់ចោទពីបទ ឃាតកម្ម និង ឥឡូវនេះ ត្រូវបានបញ្ជូនខ្លួទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែកឯ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាល ប្រគល់អោយទៅ សាច់ញាតិជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
ដោយ រស្មី អាកាស