ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធអំពើឃាតកម្ម សម្លាប់ឪពុកក្មេក នៅស្រុកបាទី រួចគេចខ្លួន

ភ្នំពេញ ៖ កម្លាំងងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាលស្រុកបាទី កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ បន្ទាប់ពីគាត់បានកាប់ឪពុកក្មេករបស់ខ្លួន ចំនួនមួយកាំបិត ដោយជម្លោះពាក្យសម្ដី និង ស្រវឹងស្រា  បណ្តាលអោយជនរងគ្រោះត្រូវស្លាប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង រួចរត់គេចខ្លួនបាត់។

អំពីឃាតកម្មនេះ  បានកើតឡើង កាលពីវេលាម៉ោង ១៩:៣០នាទី យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិត នៅក្នុងភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទីខេត្តតាកែវ ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះទួន ឡាច ហៅលិបភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។

 ចំណែកឯ  ជនរងគ្រោះ មាន ឈ្មោះ ម៉េង ហាក់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករ ។

 អ្នកទាំង២ គឺ ត្រូវជាឪពុកក្មេក និង កូនប្រុសប្រសារ និង មានទីលំនៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្ត តាកែវ ។

សមត្ថកិច្ចនគរបាលបាននិយាយថា យោងតាមសាក្សី នៅមុនពេលកើតហេតុជនសង្ស័យបានស្រាស្រវឹង និង មានទំនាស់ពាក្យសម្តីជាមួយជាឪពុកក្មេក ដែលជាជនរងគ្រោះ។

នៅពេលដែលកំពិងតែឈ្លោះគ្នានោះ, ជនសង្ស័យបានយកកាំបិតផ្គាក់កាប់ទៅលើឪពុកក្មេក ចំនួន មួយកាំបិតចំក ចំហៀងខាងឆ្វេងបណ្ដាលឱ្យរងរបួសជាទម្ងន់ និង ត្រូវក្រោយមក ក៏ត្រូវបានស្លាប់ នៅហ្នឹងកន្លែងកើតហេតុ។  

សមត្ថកិច្ចនគរបាលបានបន្ថែមថា បន្ទាប់ពីគាត់ បានកាប់ជនរងគ្រោះ, ជនសង្ស័យ ក៏បានរត់គេចបាត់ ស្រមោលផងដែរ។  ក៏ប៉ុន្តែមួយថ្ងៃក្រោយមក គឺ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនគាត់។ 

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបាន សមត្ថកិច្ចនគរបាលស្រុកបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ 

ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

ដោយ រស្មី អាកាស

To Top