ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបង្គាប់អោយឃុំខ្លួនស្ត្រីជនជាតិថៃវ័យចំណាស់ម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ កាត់ទោស តាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ប្រភេទកូកាអ៉ីន មានទម្ងន់ជិត២ គីឡូក្រាម ពីប្រទេសម៉ាលី ឆ្ពោះមកកាន់ប្រទេសកម្ពុជាប្រព្រឹត្តនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ។
ស្រ្តីថៃត្រូវចោទរូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « ដឹកជព្ចួាន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនរបស់កម្ពុជា។
គាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតអស់មួយជីវិត ប្រសិនបើតុលាការរកឃើញ ពី ពិរុទ្ធភាព។
ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា។ ក្រោយឃាត់ខ្លួនជនសង្ស័យ, កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទកូកាអ៊ីន (COCAINE) មាន ទម្ងន់សុទ្ធ ចំនួន ១.៩៨៩,១ក្រាម (ចំនួន ជិត២គីឡូក្រាម) ដែលបង្កប់លាក់ទុកនៅបាតវ៉ាលីរបស់គាត់៕
ដោយ រស្មី អាកាស