នយោបាយ

សម្ដេចតេជោ ផ្ដាំផ្ញើទៅអ្នកប្រឆាំងថា បើរអ៊ូសាំងឡើងថ្លៃ កុំជិះឡាន ម៉ូតូ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកប្រឆាំងថា បើគិតតែរអ៊ូរឿងសាំងឡើងថ្លៃ កុំជិះឡាន ម៉ូតូ ជិះកង់ តែគួរដើរវិញទៅ ព្រោះសាំងឡើងថ្លៃពេញពិភពលោក មិនមែនមាននៅកម្ពុជាមួយនោះទេ ។

ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ដោយសារមានអាខោនហ្វេសប៊ុកម្នាក់បានចូលខំមិនក្នុងផេកហ្វេសប៊ុកសម្តេចថា សម្តេចសុំគិតថ្លៃសាំងផង កុំគិតតែវ៉ាក់សាំង ។

សម្តេចតេជោបញ្ជាក់ថា «មានមួយនោះ ចូលខំមិនក្នុងហ្វេសប៊ុករបស់ខ្ញុំ ដូចជា ជ្រុលហួសបន្ដិច ។ ខ្ញុំគិតថា មិនមែនមនុស្សក្នុងប្រទេសទេ ។ គេថា លោក ហ៊ុន សែន ឯងគិតរឿងសាំងផង កុំគិតតែរឿងវ៉ាក់សាំងពេក។ ខ្ញុំឆ្លើយតបទៅវិញ ពេលសាំងឡើងថ្លៃ លោកគួរកុំជិះឡាន និងម៉ូតូ គួរដើរទៅ»។ នេះជាប្រសាសន៍សម្តេចក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា នាំគ្នារអ៊ូសាំងឡើងថ្លៃ ប៉ុន្ដែដើរលេងឡើងចង្អៀតណែននាឱកាសបុណ្យអុំទូក ។

សម្ដេចតេជោបន្ថែមថា ការសាំងឡើងថ្លៃពេញពិភពលោក មិនមែនតែឡើងកម្ពុជាមួយទេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គឺសាំងធម្មតាតម្លៃ៤,៤៥០រៀល ក្នុង១លីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០៥០រៀល ក្នុង១លីត្រ ៕

To Top