នយោបាយ

នាយករដ្ឋមន្រ្តី មិនឱនក្បាល ចំពោះការគាបសង្កត់ណាមួយ ពីបរទេសដែលប៉ះពាល់ ដល់ស្ថិរភាពកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា សម្ដេចបន្ដធ្វើជានាយករដ្ឋមន្ដ្រី ដោយមិនឱនក្បាល ចំពោះការគាបសង្កត់ ណាមួយរបស់បរទេសឡើយ ព្រោះធ្វើបែបនេះនឹងធ្វើឲ្យ ប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅកម្ពុជា ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា អ្នកនៅបរទេសគាំទ្រប្រជាធិបតេយ្យ តែគាំទ្រឲ្យមានរដ្ឋប្រហារយោធា ក្រោយមកទៀតគាំទ្រខ្មែរក្រហមឲ្យអង្គុយនៅអង្គការសហប្រជាជាតិអស់រយៈពេល១២ឆ្នាំ ។ តើពួកគេ បានបង្ហាញការសោកស្ដាយណាមួយនូវទង្វើដែលបានធ្វើប្រឆាំងការរស់រាន់មានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជាទេ? គឺអត់ទេ ។

សម្ដេចតេជោបន្តថា «ខ្ញុំសូមបញ្ជាក់ជូនឲ្យហើយ តម្លៃណាដ៏ដោយ ហ៊ុន សែន មិនអាចឱនក្បាល ទទួលយកការគាបសង្កត់ណាមួយដែលនាំឲ្យអស្ថិរភាព និងបាត់សន្ដិភាពរបស់ប្រទេសទេ។ ហ៊ុន សែន សូមប្រកាសជាថ្មីម្ដងទៀត នៅស្រុកកំណើតរបស់ខ្លួន ទោះបីអូសបន្លាយនៃការបន្ដអាណត្តិរបស់ខ្ញុំ ប៉ុន្មានឆ្នាំតទៅទៀត ស្រេចតែចិត្តខ្ញុំ»។

សម្ដេចតេជោបន្ថែមថា ឲ្យតែប្រជាជនកម្ពុជាបោះឆ្នោតឲ្យសម្ដេច ធ្វើជានាយករដ្ឋមន្ដ្រី សម្ដេចនឹងបន្ដដឹកនាំប្រទេសរហូត ហើយកុំថា សុខភាពសម្ដេចចុះខ្សោយឲ្យសោះ ព្រោះក្នុងមួយថ្ងៃសម្ដេចជិះកង់ហាត់ប្រាណលើសពី៨០នាទី។

សម្ដេចតេជោបន្ថែមទៀតថា អ្នកជ្រុលនិយមមួយចំនួនគិតថា សម្ដេចមានវ័យចាស់ តែសម្ដេចឆ្លើយតបទៅវិញថា លោកឯងអត់ចាស់មែន? សម្ដេចថា លេងជាមួយលោកឯងឲ្យចប់សិន ចាំទុកឲ្យក្មេងជំនាន់ក្រោយ ធ្វើជានាយករដ្ឋមន្ដ្រីបន្ដ ដូច្នេះកុំសង្ឃឹមពេក ។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើអ្នកជ្រុលនិយមនៅក្រៅប្រទេសថា ធ្វើនយោបាយបន់ឲ្យគេស្លាប់ តែធ្វើ បែបនេះអន់ពេកហើយ ។ ចំពោះសម្ដេចវិញថា សម្តេចមិនបន់ឲ្យគេស្លាប់ឡើយ ទុកឲ្យអ្នកឯង នៅមើលសម្ដេច ដើរសម្ពោធសមិទ្ធផលនានារបស់កម្ពុជា ៕

To Top