ព័ត៌មានជាតិ

ស៊ុយអ៊ែត ជួយលើកកម្ពស់ ទីផ្សារការងារ ដល់កម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលស៊ុយអ៊ែត រាជរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងអង្គការសហប្រជាជាតិ នឹងរួមសហការគ្នា បង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារ សម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែង រកការងារដែលមានពិការភាព” ។ ដែលគម្រោងនេះ មានរយៈពេល ២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២១ – ៣១ ធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារ ការងាសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារ ដែលមានពិការភាព ក្នុងការស្វែងរកការងារធ្វើ ដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។

ការពិភាក្សាដើម្បីបង្កើនល្បឿន នៃកិច្ចសហប្រតិបត្តិការលើគម្រោងថ្មីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដែលលោក Magnus Saemundsson លេខាទី១ ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ ។

នៅក្នុងជំនួបនោះ លោក អ៊ិត សំហេង បានសម្តែងការរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាល ស៊ុយ អ៊ែត ដែលតែងតែផ្តល់ការជួយឧបត្ថម្ភគាំទ្រ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ពាក់ព័ន្ធទៅនឹងការផលិតនូវរបាយការណ៍អង្កេតអំពីកង្វះ និងគម្លាតជំនាញក្នុងទីផ្សារការងារនៅកម្ពុជា និងរបាយការណ៍ព្យាករណ៍អំពីឱកាសការងារ ក្នុងទីផ្សារការងារនៅកម្ពុជា ជាដើម មកដល់មន្រី្តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការប្រើប្រាស់ស្របទៅនឹងភាពទំនើប នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល នាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនេះដែរលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះមិត្តភក្តិបរទេសទាំងអស់ ដែលបន្តរស់នៅក្នុងប្រទេសកម្ពុជា ដោយទទួលបានការថែទាំ យកចិត្តទុកដាក់ ដូចប្រជាជនកម្ពុជាដែរ ។ កម្ពុជាទទួលបានជោគជ័យ ក្នុងដំណាក់កាលដំបូង ក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩ ដោយពលរដ្ឋកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងស្ទើរតែ១០០ភាគរយ ទៅហើយ ចំពោះការឆ្លងក៏មានចំនួនធ្លាក់ចុះ និងអត្រាស្លាប់ក៏ថយចុះផងដែរ។

លោក មានប្រសាសន៍បន្តទៀតថា កម្ពុជាបានចាប់ផ្តើមបើកដំណើរ ការប្រទេស ឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចរបស់ជាតិ ឲ្យមានការអភិវឌ្ឍ រីកចម្រើនបន្តទៅមុខទៀត ធ្វើយ៉ាងណាបង្កលក្ខណៈឲ្យជីវភាព របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អ ប្រសើរថែមទៀត ដោយយើងបន្តរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ។

ស្ថិតនៅក្នុងបរិបទកូវីដ-១៩នេះដែរ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការរៀបចំដំណើរការស្វែងរកការងារ បានរៀបចំ តាមប្រព័ន្ធបច្ចេកវិទ្យា ដោយកាត់បន្ថយនូវការប្រមូលផ្តុំ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ហើយសេវា របស់យើងនៅតែមានដំណើរការ អ្នកដែលបាត់បង់ការងារ អាចសម្ភាសរកការងារថ្មី។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) អាចចាត់ទុកថាជាសេវាថ្មី តែទទួលបានជោគជ័យ ក្នុងនោះដែរក៏មានការផ្តល់ការ ឧបត្ថម្ភគាំទ្រជាដរាបរៀងមក ពីរដ្ឋាភិបាល ស៊ុយអ៊ែត ផ្តល់បទពិសោធន៍ និងចំណេះដឹងជាច្រើន មកដល់មន្ត្រីរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយឲ្យមានដំណើរទស្សនកិច្ច ទៅសិក្សាស្វែងយល់បន្ថែម ពីមជ្ឈមណ្ឌលការងារ ទៅកាន់ប្រទេសស៊ុយអ៊ែត ។ ព្រមជាមួយគ្នានោះ កម្ពុជាក៏ទទួលបានជំនួយហិរញ្ញវត្ថុរៀបចំមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌលការងារចល័តផងដែរ ។

ទាក់ទងទៅនឹងការងារជនពិការនេះដែរ កម្ពុជាក៏មានច្បាប់ការពារជនពិការ ដែលច្បាប់នេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីគាំពារដល់ពួកគាត់។ ហើយមានបញ្ហាជាច្រើនទៀតដែលទាមទារឲ្យយើងត្រូវចូលរួមធ្វើការដោះស្រាយ ក្នុងការធ្វើសមារហណកម្មជនពិការ ទៅក្នុងសហគមន៍ គឺផ្តល់ឱកាសការងារ ជូនដល់ពួកគាត់ឲ្យបានកាន់តែប្រសើរ ។ ចំពោះច្បាប់ជនពិការនេះ ក៏បានធ្វើការកំណត់ផងដែរថា ក្នុងការជ្រើសរើសជនពិការ ក្នុងការចូលបម្រើកិច្ចការងារនៅក្នុងសង្គមដោយរដ្ឋាភិបាលត្រូវបានកំណត់ចំនួន២ភាគរយ ចំណែក១ភាគរយនៅក្នុងសហគ្រាសឯកជន។

ភាគីទាំងពីរបាន សម្តែងនូវមោទកភាព ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក ដោយអាចនិយាយបានថា ទទួលបានផ្លែផ្កា និងជោគជ័យជា ទីគាប់ប្រសើរ ហើយបង្ហាញនូវជំនឿជឿជាក់ថា គម្រោងទាំងនោះ ពិតជាបានរួមចំណែក យ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ភាព ងាយស្រួល និងពង្រីកនូវវិសាលភាព ទៅដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកឱកាសការងារ និងផ្តល់កម្លាំងពលកម្ម ដើម្បីបំពេញនូវតម្រូវការ ដល់ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងត្រូវការជាចាំបាច់បម្រើ ឲ្យខ្សែច្រវ៉ាក់ផលិតកម្មខ្លួន។

ឆ្លើយតបតាមសំណើររបស់កម្ពុជា ភាគីស៊ុយអ៊ែត នឹងបន្តខិតខំជួយគាំទ្រថែមទៀតដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀត ឱ្យបានគ្រប់រាជធានី ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយ ក្នុងមួយរាជធានី ខេត្ត ដែលបច្ចុបន្ននេះយើងមាន ១៣ មជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត ចំនួន ៣ផងដែរ៕

To Top