នយោបាយ

នាយករដ្ឋមន្រ្តី ជំរុញឱ្យសមាជិក CPP ងើបឡើងប្រឆាំង ការប្រកាសដកសញ្ជាតិអាមេរិក ពីអ្នកគាំទ្ររដ្ឋាភិបាលកម្ពុជា (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា បានជំរុញឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា (CPP) រស់នៅសហរដ្ឋអាមេរិក ងើបឈរឡើង ធ្វើបាតុកម្ម ដើម្បីប្រឆាំងជំទាស់នឹងការប្រកាស ដកសញ្ជាតិអាមេរិក លើអ្នកគាំទ្ររដ្ឋាភិបាលខ្មែរ ។

ការជំរុញនេះធ្វើឡើងបន្ទាប់ពីលេចលឺ នូវព័ត៌មានថា អាមេរិកនឹងដកសញ្ជាតិ លើពលរដ្ឋខ្មែរទាំងឡាយណា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្ររដ្ឋាភិបាលខ្មែរ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ ៧១C សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «មើលខ្មែរយើងនៅអាមេរិក សមាជិក សមាជិកាគណបក្សប្រជាជន ងើបឈរឡើង នៅអាមេរិក ដើម្បីប្រឆាំងជំទាស់នឹងការប្រកាសនេះ ហើយទៅសួរសមាជិកសភា ហើយទៅឱ្យដល់កន្លែង វិមានកាពីតូល សួរអាមេរិកមើល នាំគ្នាធ្វើបាតុកម្ម សួរអាមេរិកមើលដកមែនឬអត់»

ជុំវិញករណីនេះ សម្ដេចក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការសាកសួរ ទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តើពិតជាមានការដកសញ្ជាតិពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាមេរិកមែនឬអត់ ព្រោះនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ក៏មានខ្មែរសញ្ញាតិអាមេរិក ផងដែរ។

សម្ដេចតេជោ ក៏បានឱ្យដឹងថា ជុំវិញការប្រកាសដកសញ្ជាតិអាមេរិក លើពលរដ្ឋខ្មែរ ដែលគាំទ្ររដ្ឋាភិបាលនេះ បានធ្វើឱ្យបងប្អូនខ្មែរ នៅខាងក្រៅផ្ទុះប្រតិកម្ម។

ងាកមកមេដឹកនាំបក្សប្រឆាំង ដែលរស់នៅក្រៅប្រទេស គឺលោក សម រង្ស៊ី ត្រូវបានសម្ដេចតេជោ ចំអកឱ្យថា មិនទាន់បានកាន់អំណាចផង ទៅគំរាមនឹងដកសញ្ជាតិគេ ជំនួសឱ្យរដ្ឋាភិបាលអាមេរិកទៅទៀត។

សម្ដេចថា «មនុស្សអីដល់ថ្នាក់ប៉ុណ្ណឹង បើមិនទាន់កាន់អំណាចផង វាផ្ដាច់ការប៉ុណ្ណឹងហើយ! ផ្ដាច់ការចេញពីអាមាត់ហ្នឹង!»។

នាយករដ្ឋមន្រ្តីកម្ពុជា បន្តថា ការប្រកាសដកសញ្ជាតិនេះ ក្រោមលេសហេតុផលថា ចិនជាសត្រូវរបស់អាមេរិក ដូច្នេះបើខ្មែរណាទៅគាំទ្ររដ្ឋាភិបាល ហ៊ុន សែន ក៏ជាសត្រូវរបស់អាមេរិក ដូច្នេះអាមេរិកត្រូវតែដកសញ្ជាតិ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បញ្ជាក់ថា «ប៉ុន្តែអ្នកឯកស្គាល់មេដឹកនាំអាមេរិកនិងចិន តិចពេកហើយ ថ្ងៃមុន ស៊ី ជីនពីង និង ចូ បៃដិន ទើបជួបគ្នារួច គេមានវិធីសាស្រ្តគ្រប់គ្រង ទំនាក់ទំនងរវាង ចិន-អាមេរិក យ៉ាងច្បាស់លាស់ ។បើទោះបីប្រកួតប្រជែងគ្នាយ៉ាងណាក៏ដោយ ភាគីទាំងពីរបាន ប្តូរផ្ដាច់គ្នា មិនឱ្យមានការប៉ះទង្គិចគ្នានោះទេ»។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «បើអាមេរិកដកសញ្ជាតិ រាប់តាំងពីរឿងប៉ុណ្ណឹង អាមេរិកមិនមែនជា ប្រទេសប្រជាធិបតេយ្យនោះទេ»

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×