Covid-19

នាយករដ្ឋមន្រ្តីកម្ពុជា៖ កូវីដបំផ្លាញ គម្រោងសាងសង់ស្ពាន ប្រហែល២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ជំងឺកូវីដ១៩ បានបំផ្លាញគម្រោងសាងសង់ស្ពាន នៅកម្ពុជាអស់ប្រហែលចំនួន២០ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការ ដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំមានការសោកស្តាយណាស់ត្រង់ថា អាកូវីដ១៩នេះ វាស៊ីស្ពានរបស់ខ្ញុំអស់ប្រហែលជា ២០ស្ពាន ។ អាហ្នឹងគិតតម្លៃខ្ពស់ផង គឺស្ពានមួយអស់តម្លៃប្រមាណ ៥៦លានដុល្លារ រួមទាំងថវិកាបដិភាគ ដែលក្រសួងសេដ្ឋកិច្ច គិតទាំងពន្ធផងនោះ គឺអស់តម្លៃ ៧១លានដុល្លារ ។ ស្ពាននេះប្រើថវិការបស់ចិនអស់ជាង ៥០លានដុល្លារ»។

សម្តេចតេជោក៏បានលើកឡើងថា សម្តេចបានដាក់ផែនការ ឲ្យក្រសួងសេដ្ឋកិច្ច ធ្វើការសន្សំសាច់ប្រាក់ ក្រោយពីដក ៤០០លានដុល្លារ សម្រាប់ទិញម៉ាស៊ីនភ្លើងចំនួន ៤០០មេហ្គាវ៉ាត់ ពីប្រទេសហ្វាំងឡង់ សម្រាប់ដាក់នៅភ្នំពេញដោយសារខ្វះភ្លើង ។

សម្តេចក៏បានលើកឡើងទៀតថា ដោយសារការចំណាយលើការ វិនិយោគចំនួន៣គម្រោង អស់ប្រមាណជិត ១ពាន់លានដុល្លារ ហើយនៅសល់សាច់ប្រាក់ប្រមាណ ៣៥០០លានដុល្លារ ដែលគោលបំណងធ្វើ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានបង្ហាញបំណងថា សម្តេចចង់មានស្ពាននៅកន្លែង មួយចំនួនប្រវែងដី ២គីឡូមានស្ពានមួយ ។

សម្តេចថា «ដល់ពេលប្រាក់សន្សំមានការ កើនឡើងដល់កម្រិតមួយហើយ ខ្ញុំចង្អុលការយកតែម្តង! ខ្ញុំចង់ឲ្យព្រៃត្នោតមានស្ពាន២គីឡូមួយ ស្ទឹងសង្កែ ស្ទឹងមង្គលបុរី ស្ទឹងសែន ទន្លេតូច ស្ទឹងពោធិ៍សាត់ ២ឬ៣គីឡូមានស្ពានមួយ ។ ស្ពានមួយវៃថា អស់១លានដុល្លារ អីញ្ចឹងយើងប្រើ ១០០លានដុល្លារ យើងបាន ១០០ស្ពាន (ស្ពានឆ្លងព្រែក)។ គម្រោងរបស់ខ្ញុំ គឺបែបនេះហើយ យើងធ្វើគម្រោងសាងសង់ស្ពានឆ្លង កាត់ទន្លេមេគង្គ ទន្លេបាសាក់បន្ថែមទៀត។ ប៉ុន្តែយើងមិននឹកស្មានថា កូវីដទទួលទានអស់២៣០០លានដុល្លារ ដើម្បីស្រាយបញ្ហាកូវីដ១៩» ។

សម្តេចក៏បានលើកឡើងថា មិត្តចិននៅតែបន្តជួយចំពោះ គម្រោងរបស់កម្ពុជាដែលស្នើសុំ។ ចិនតែងតែផ្តល់ជំនួយដល់កម្ពុជា ក្នុងការសាងសង់ស្ពាន ដែលកម្ពុជាចង់បាន។

សម្តេចថា «យើងចង់បានកន្លែងនេះ មិត្តចិនគាត់ដាក់ឲ្យនៅកន្លែងនឹង ហើយអរគុណណាស់នៅពេលស្ពាន ផ្លូវរួចបងប្អូនប្រជាពលរដ្ឋ ចំណេញច្រើនណាស់» ៕

To Top