ព័ត៌មានជាតិ

ឃុំខ្លួនមន្ដ្រីយោធា ៣នាក់ ជាប់ពាក់ ព័ន្ធការរក្សាទុក និងជួញដូរអាវុធខុសច្បាប់ ជាង៥០ដើម នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបង្គាប់អោយឃុំខ្លួន មន្ដ្រីយោធាចំនួន៣នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ កាត់ទោស តាមច្បាប់ ជាប់ពាក់ព័ន្ធការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ ចំនួន ជាង៥០ ដើម ប្រព្រឹត្ត នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

យោងតាមដីការរបស់តុលាការ បានអោយដឹងថា ជនត្រូវចោទទាំង៣នាក់នេះ មានមានឈ្មោ ទី១៖ ឈ្មោះ អូន ពិសិដ្ឋ ជាឧត្តមសេនីយ៍ត្រី បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ។ ទី២៖ ឈ្មោះ ប៉ុល នី ភេទ ប្រុស ឋាន: វរសេនីយ៍ទោ និង ជាមន្ត្រីយោធា ផ្នែកសឹករងខេត្តបាត់ដំបង។ និង ទី៣៖ ឈ្មោះ វី វិនហាយ ភេទ ប្រុស ឋានៈ ព្រិន្ទបាលឯក និង ជាមន្ត្រីយោធា បម្រើការនៅ សឹករងខេត្តបាត់ដំបង។

ពួកគេទាំងបីនាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ” ការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” តាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ ជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធ ដែលសមត្ថកិច្ចរកឃើញលាក់ទុកជាង ៥០ ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០២១៕

ដោយ រស្មី អាកាស

To Top