ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ ប.ស.ស. ចូលរួមសិក្ខាសាលា ស្តីពី “ចក្ខុវិស័យ​ សម្រាប់ប្រព័ន្ធ សន្តិសុខសង្គម”

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម តំណាងឲ្យលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំ មន្រ្តីជំនាញ ប.ស.ស. ចូលរួមទស្សនទាន សិក្ខាសាលាលើកទី២ ស្តីពី “ចក្ខុវិស័យសម្រាប់ប្រព័ន្ធ សន្តិសុខសង្គម (2nd Social Security Visioning Retreat” ចាប់ពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ RAFFLES Hotel LE ROYAL Phnom Penh ។

សិក្ខាសាលានេះ ផ្តោតសំខាន់ៗ លើចំណុចដូចខាងក្រោម៖
១. ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងជំរុញទំនាក់ទំនងកិច្ចសហការរួមគ្នា រវាងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម (អ.ក.គ) និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
២. កែលម្អបន្ថែមទៀតនូវចក្ខុវិស័យរួម នៃរបបសន្តិសុខសង្គម ដែលត្រូវបានគាំទ្ររួមគ្នា ដោយ អ.ក.គ និង ប.ស.ស.
៣. ការធ្វើឱ្យប្រសើរឡើងនូវការយល់ដឹង និងបង្កើតចក្ខុវិស័យរួម នៃការទទួលបាន នូវផែនការយុទ្ធសាស្រ្ត នៅកម្ពុជា ស្របទៅតាមការគ្របដណ្តប់ សុខភាពជាសកល (UHC) រវាងភាគីពាក់ព័ន្ធ ជាពិសេស អ.ក.គ ប.ស.ស. ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារបញ្ជាក់ចំណាយសេវា សុខាភិបាល (PCA) ព្រមទាំងចក្ខុវិស័យផ្សេងៗទៀត។

នៅក្នុងទស្សនទាន សម្រាប់សិក្ខាសាលាលើកទី២នេះ ធ្វើឡើងដើម្បីបង្កើតការយល់ដឹង អំពីផែនការយុទ្ធសាស្ត្រ និងវិធីសាស្ត្រ ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រ តាមជំហានឆ្ពោះទៅការលើកកម្ពស់ សមធម៌ក្នុងការផ្តល់ធនធាន និងលើកកម្ពស់គុណភាព ក្នុងការផ្តល់សេវាសុខភាព។ កិច្ចសហការរវាង អ.ក.គ ប.ស.ស. ក្រសួងសុខាភិបាល និងទីភ្នាក់ងារបញ្ជាក់ ចំណាយសេវាសុខាភិបាល (PCA) លើប្រធានបទជាក់លាក់នេះ ដើម្បីលើកកម្ពស់ការយល់ដឹងរួម ដ៏មានសារសំខាន់ ក្នុងការកែលម្អប្រព័ន្ធគាំពារ សុខភាពសង្គមនៅកម្ពុជា គឺជាចំណុចស្នូល។

សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ រៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងសមាគមនិយោជក កម្មករនិយោជិត អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ប.ស.ស. ផងដែរ៕

To Top