ព័ត៌មានជាតិ

ការពិនិត្យ និងផ្ដល់យោបល់ លើសេវាគ្រប់គ្រង សុវត្ថិភាពព្យាបាល របស់មូលដ្ឋាន សុខាភិបាល ជាដៃគូ ប.ស.ស. ត្រូវបានក្រុមប្រឹក្សា វេជ្ជសាស្រ្ត លើកយកមកពិភាក្សា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ប្រធានក្រុមប្រឹក្សាវេជ្ជសាស្រ្ត នៃ ប.ស.ស. បានបន្តដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាវេជ្ជសាស្រ្ត នៃ ប.ស.ស. លើកទី៣ អាណត្តិទី១ របស់ខ្លួន ដើម្បីពិនិត្យ និងផ្ដល់យោបល់ លើសេវាគ្រប់គ្រងសុវត្ថិភាពព្យាបាល របស់មូលដ្ឋានសុខាភិបាល ដែលជាដៃគូ និងការអនុវត្តកិច្ចព្រមព្រៀង រវាង ប.ស.ស. ជាមួយមូលដ្ឋានសុខាភិបាល ដែលប្រព្រឹត្តទៅ នៅសាលប្រជុំ ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីសមាជិកក្រុមប្រឹក្សាវេជ្ជសាស្រ្ត នៃ ប.ស.ស. សរុបចំនួន១១រូប។

ក្នុងកិច្ចប្រជុំខាងលើនេះ សមាជិកនៃក្រុមប្រឹក្សាវេជ្ជសាស្រ្ត​ នៃ ប.ស.ស. ទាំងអស់បានធ្វើការពិភាក្សាគ្នា និងបានពិនិត្យ ផ្ដល់យោបល់លើសេវា គ្រប់គ្រងសុវត្ថិភាពព្យាបាល របស់មូលដ្ឋានសុខាភិបាល ដែលក្នុងនោះ ប.ស.ស. ត្រូវផ្ដោតចំបងក្នុងការត្រូតពិនិត្យ តាមដានគុណភាពសេវាសុខាភិបាល លើរចនាសម្ព័ន្ធគុណភាពសេវា កម្រិតផ្ដល់សេវា បែបបទ និងការព្យាបាលថែទាំ ព្រមទាំងសហប្រតិបត្តិការ ផ្ដល់ព័ត៌មានទៅវិញទៅមក ដើម្បីលើកកម្ពស់គុណភាព សេវាជាប្រចាំ និងតម្រង់ទិស នៃការប្រើប្រាស់សេវារបស់ សមាជិក ប.ស.ស. ព្រមទាំងពិនិត្យលើកម្រិត នៃការពេញចិត្តចំពោះគុណភាព សេវារបស់សមាជិក ប.ស.ស. ទៅកាន់មូលដ្ឋានសុខាភិបាល ក្នុងន័យដើម្បីកំណត់ឱ្យច្បាស់ អំពីការផ្តល់សេវារបបសន្តិសុខសង្គម ជូនដល់សមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ។

ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណ​ ចំពោះស្មារតីកិច្ចប្រជុំ ដែលបានពិភាក្សា និងផ្ដល់យោបល់ប្រកបដោយ ការទទួលខុសត្រូវខ្ពស់។ លោកបញ្ជាក់បន្ថែមថា៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ បញ្ហាប្រឈមជាច្រើន ត្រូវបានក្រុមការងារជំនាញ​ សម្របសម្រួល និងដោះស្រាយបានដោយជោគជ័យ។

ផ្ទាំងពាណិជ្ជកម្ម

បើទោះបីជាមានបញ្ហាប្រឈមមួយចំនួន នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅមិនទាន់បានដោះស្រាយ លោកវេជ្ជបណ្ឌិត និងបន្ដខិតខំជំរុញបន្ថែម​ ដល់ក្រុមការងារជំនាញ​ ដើម្បីសម្របសម្រួលដោះស្រាយជូន សមាជិកដោយឈរលើស្មារតី នៃកិច្ចព្រមព្រៀង និងការចូលរួមសហការណ៍ ពីតំណាងមូលដ្ឋានសុខាភិបាល ។

សូមបញ្ជាក់ថាៈ បច្ចុប្បន្ន ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយ មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ផ្នែកថែទាំសុខភាព សរុបចំនួន ១៤៥៣ រួមមានមូលដ្ឋានសុខាភិបាលសាធារណៈ ចំនួន១៣៤១ មូលដ្ឋានសុខាភិបាលឯកជន ចំនួន១១២ ៕

To Top
×