នយោបាយ

លោក សុខ ឥសាន៖ គម្រោង សម រង្ស៊ី ជួលមេធាវី ដើម្បីឲ្យ​រដ្ឋាភិបាលអាមេរិក ដកសញ្ជាតិអាមេរិក ពីមន្រ្តី-អ្នកគាំទ្រ បក្សប្រជាជន គឺមិនអាចធ្វើបាន (Video)

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គម្រោងរបស់ លោក សម រង្ស៊ី កំពុងពិនិត្យលទ្ធភាព ជួលមេធាវីអាមេរិកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិអាមេរិក ពីមន្រ្តី និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ គឺមិនអាចធ្វើបានទេ។

លោក សម រង្ស៊ី តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ២៤ វិច្ឆិកា បានលើកឡើងថា “ក្នុងនាមលោកជាអតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ កំពុងពិនិត្យលទ្ធភាព ពឹងពាក់ ឬជួលមេធាវីអាមេរិកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក ដកហូតសញ្ជាតិ ពីមន្ត្រី និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួល សញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២” ។

លោកបង្ហាញមូលហេតុ ដើម្បីដកហូតសញ្ជាតិនេះថា ដោយសារ​គណបក្សប្រជាជនកម្ពុជា មានលក្ខណៈជាគណបក្សផ្តាច់ការ ដូចគណបក្សកុម្មុយនីស្ត ដែលសហរដ្ឋអាមេរិក​ ប្រឆាំងដាច់ខាត។ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន បាននាំប្រទេសកម្ពុជា ឲ្យបម្រើផលប្រយោជន៍ ប្រទេសចិនកុម្មុយនីស្ត ដែលមានអាកប្បកិរិយា ចាត់ទុកអាមេរិកជាសត្រូវ ។

លោក សម រង្ស៊ីឲ្យដឹងទៀតថា យោងច្បាប់អាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ គឺអ្នកដែលបានស្នើសុំ ចូលសញ្ជាតិអាមេរិកាំង សច្ចាប្រណិធានថា ខ្លួនមិនចូលជាសមាជិក ឬក៏មិនគាំទ្រ គណបក្សផ្តាច់ការណាមួយទេ ហើយខ្លួនក៏មិនទៅគាំទ្រដោយផ្ទាល់ ឬដោយប្រយោលក្រុមណា ស្ថាប័នណា ឬប្រទេសណាជាសត្រូវអាមេរិក។ លោកថា ការក្បត់ពាក្យសច្ចាប្រណិធាននេះ ជាមូលហេតុគ្រប់គ្រាន់ ដើម្បីដកហូតសញ្ជាតិអាមេរិកាំង ពីមន្ត្រីនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ។

តាមរយៈការផ្តល់បទសម្ភាសន៍ ជាមួយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ត្រូវបានលោក សុខ ឥសាន ឆ្លើយតបទៅវិញថា គ្រោងការរបស់លោក សម រង្ស៊ី មិនអាចធ្វើទៅបានទេ។

មិនអាចធ្វើទៅបាននោះ ត្រូវបានលោក សុខ ឥសាន បញ្ជាក់ថា ព្រោះគ្មានច្បាប់ណា មកដកសញ្ជាតិគេ គ្រាន់តែគេមិនគាំទ្រខ្លួន។ លោកថា “នេះគេហៅថា អ្នកប្រជាធិបតេយ្យក្លែងក្លាយ គ្រាន់តែគេមិនគាំទ្រខ្លួនឯង ទៅជាដកសញ្ជាតិគេ ហើយរឿងនេះ មិនអាចធ្វើទៅបានទេ ព្រោះគ្មានច្បាប់ឯណា មកដកសញ្ជាតិគេ គ្រាន់តែគេមិនគាំទ្រខ្លួននោះទេ” ។

លោក សុខ ឥសាន បានថ្លែងការពារមន្រ្តី និងអ្នកគាំទ្របក្សប្រជាជនថា រាល់ពាក្យសំដីរបស់លោក សម រង្ស៊ី ដែលនិយាយមកទាំងប៉ុន្មានេះ គឺយកជាការមិនបានទេ ម្តងឆ្វេង ម្តងស្តាំ ហើយការនិយាយ របស់គាត់នេះ គ្រាន់តែជាការបន្លឺសំឡេង ចោលប៉ុណ្ណោះ គ្មានប្រយោជន៍អ្វីទេ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២៣ វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជា បានជំរុញឲ្យសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា រស់នៅសហរដ្ឋអាមេរិក ងើបឈរឡើង ធ្វើបាតុកម្ម ដើម្បីប្រឆាំងជំទាស់ នឹងការប្រកាស ដកសញ្ជាតិអាមេរិក លើអ្នកគាំទ្ររាជរដ្ឋាភិបាលខ្មែរ ក្រោយពីលេចលឺព័ត៌មានថា អាមេរិក នឹងដកសញ្ជាតិលើពលរដ្ឋខ្មែរ ដែលគាំទ្រ គណបក្សប្រជាជនកម្ពុជា និងគាំទ្ររដ្ឋាភិបាល៕

To Top
×