ព័ត៌មានជាតិ

កិច្ចប្រជុំជាមួយសមាគមសាសនា ចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងទិសដៅអនុវត្តបន្ត តាមតម្រូវការ និងផែនការរបស់រដ្ឋបាលខេត្តកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ អមដោយ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងលោកប្រធានមន្ទីរធម្មការនិងសាសនា បានចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកំពង់ចាម និងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមប្រព័ន្ធបច្ចេកវិទ្យា (Zoom) ក្នុងគោលបំណងស្ដាប់របាយការណ៍របស់សមាគម និងកិច្ខសម្របសម្រួលទិសដៅអនុវត្តបន្ត តាមតម្រូវការ និងផែនការរបស់រដ្ឋបាលខេត្តកំពង់ចាម ។

គួររំលឹកផងដែរថា សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបំពេញបេសកកម្មការងារ ផ្ដើមចេញពីការគាំទ្ររបស់ថ្នាក់ដឹកនាំសមាគម ជាបន្តបន្ទាប់ ដោយបានធ្វើសកម្មភាពជួយដល់ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ២០២០ ដែលគិតជាទឹកប្រាក់ប្រមាណ ៣ លានដុល្លារ សហរដ្ឋអាមេរិករួចមកហើយ ក្នុងនោះផ្តោតទៅលើលើវិស័យមួយចំនួនដូចជា ៖

វិស័យអប់រំ ដោយធ្វើការជួសជុលអាគារវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម, វិស័យទឹកស្អាត អណ្ដូងទឹក បង្គន់អនាម័យ និងកន្លែងលាងដៃនៅតាមសាលារៀន និងសហគមន៍នានាទូទាំងខេត្តកំពង់ចាម , វិស័យមនុស្សធម៌ តាមរយៈការចែកស្បៀងអាហារ , ជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋនៅស្រុកកង់មាស ក្នុងនោះវិស័យសុខាភិបាល មានការកែលម្អ បណ្ដុះបណ្ដាល និងបំពាក់សម្ភារៈបរិក្ខាពេទ្យផងដែរ។

សម្រាប់ទិសដៅសម្រាប់ឆ្នាំ២០២១នេះ សមាគមបានបន្តជួយលើវិស័យសុខាភិបាលទូទាំងខេត្តកំពង់ចាម ដោយបានពង្រីកវិសាលភាពជំនួយរហូតទូទាំង ១០ក្រុង/ស្រុក ផងដែរ ៕

To Top