ព័ត៌មានជាតិ

កិច្ចគាំពារសង្គម ក្នុងបរិបទឌីជីថលូបនីយកម្ម គឺជាកាតាលីករដ៏សំខាន់ សម្រាប់លើកកម្ពស់​ កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ព្រមទាំងសុខុមាលភាព សង្គមក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងនាមជាប្រធានសមាគម ​សន្តិសុខសង្គមអាស៊ាន ឆ្នាំ ២០២០- ២០២១ (ASEAN Social Security Association, ASSA) និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញបើកកម្មវិធី សិក្ខាសាលាអន្តរជាតិ (International Webinar) ក្រោមប្រធានបទ “កិច្ចគាំពារសង្គមក្នុងបរិបទ​ ឌីជីថលូបនីយកម្ម និងភាពមិនច្បាស់លាស់​ ផ្នែកសេដ្ឋកិច្ច” បានលើកឡើងថា ឌីជីថលូបនីយកម្ម ត្រូវបានចាត់ទុកថា ជាកាតាលីករមួយដ៏សំខាន់ សម្រាប់លើកកម្ពស់ កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ព្រមទាំងសុខុមាលភាពសង្គម ក្នុងតំបន់និងពិភពលោក ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

លោក ហេង សុផាន់ណារិទ្ធ បន្តថា ក្នុងនាមជាប្រធាន និងសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដែលកំពុងធ្វើការងារ លើវិស័យសន្តិសុខសង្គម យើងទាំងអស់គ្នា ត្រូវតែសម្របខ្លួន និងទាញយក​ អត្ថប្រយោជន៍ជាអតិបរមា ពីភាពជឿនលឿន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋ ទទួលបានអត្ថប្រយោជន៍ ពីការប្រើប្រាស់សេវាកម្មឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។

លោកប្រធាន បានបញ្ជាក់ទៀតថា ឌីជីថលូបនីយកម្ម បាននឹងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងកិច្ចគាំពារសង្គម រួមមាន៖ ទី(១) បំពេញតាមតម្រូវការ​ របស់សមាជិកប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយបានផ្តល់នូវសេវា សំខាន់ៗដូចជា ការចុះឈ្មោះ ការទាមទារតាវកាលិក ការបង់ភាគទាន និងព័ត៌មានពាក់ព័ន្ធផ្សេងៗ, ទី(២) លើកកម្ពស់គុណភាពទិន្នន័យ ការគ្រប់គ្រងទិន្នន័យ ក៏ដូចជាការផ្លាស់ប្តូរទិន្នន័យ និងអន្តរប្រតិបត្តិការ, ទី(៣) ធ្វើប្រតិភូកម្មអំណាច ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគាំទ្រនូវដំណើរការ ប្រព័ន្ធ និងគោលនយោបាយ ចំគោលដៅ និងទី(៤) កាត់បន្ថយការចំណាយ ផ្នែករដ្ឋបាល ឲ្យនៅកម្រិតទាបបំផុត។

ក្នុងឱកាសអញ្ជើញ បើកក្នុងកម្មវិធីសិក្ខាសាលានេះដដែល លោក ក៏បានសង្កត់ធ្ងន់ ទៅលើវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដែលនៅតែបន្តការគម្រាមកំហែង និងបង្កឲ្យមានភាព មិនប្រាកដប្រជា និងហានិភ័យខ្ពស់​ លើសុខភាពសាធារណៈ ប្រព័ន្ធសុខាភិបាល ជីវភាពរស់នៅ និងការចូលរួមក្នុងសកម្មភាព សេដ្ឋកិច្ចសង្គម។

ដើម្បីឆ្លើយតបទៅនឹង កាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមប្រធាន ក៏បានបញ្ជាក់បន្ថែមថា៖ ប្រព័ន្ធកិច្ចគាំពារសង្គម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក លើកកម្ពស់សុខភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយធានាបាននូវសន្តិសុខ ប្រាក់ចំណូល និងស្ថិរភាពសង្គម ក្នុងភាពមិនប្រាកដប្រជា ផ្នែកហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា៖ សិក្ខាសាលាអន្តរជាតិខាងលើ រៀបចំឡើងដោយ អង្គភាពធានារ៉ាប់រងគ្រោះថ្នាក់ការងារ សម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដោយមានការចូលរួមពីសមាជិក នៃអង្គភាពសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២២ស្ថាប័ន នៃប្រទេសអាស៊ានទាំង ១០ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

To Top