ព័ត៌មានជាតិ

កម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣

ភ្នំពេញ ៖ កម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការចូលរួម ពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់ របស់ប្រទេសដៃគូ ASEM ទាំង ៥១ មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន ។

កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» នឹងផ្តល់ឱកាសដ៏ទាន់ ពេលវេលាមួយ ដល់ថ្នាក់ដឹកនាំមក ពីតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ អាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយ បញ្ហាសកល និងតំបន់ សម្រាប់ផលប្រយោជន៍ ទៅវិញទៅមក ក្នុងនោះរួមទាំងបញ្ហាការ រីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់ សង្គម-សេដ្ឋកិច្ចបណ្តាលមកពីជំងឺនេះ ផងដែរ ។

មុនពេលដំណើរការកិច្ចប្រជុំកំពូល ASEM13 តំណាងមកពីព្រឹត្តិការណ៍ អមកិច្ចប្រជុំកំពូល បានអញ្ជើញថ្លែងការណ៍ រួមមាន ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាសហប្រធាន នៃកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហអ្នករៀបចំវេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាអ្នករៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ព្រមទាំង តំណាងមកពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប និងវេទិកាប្រជាជនអាស៊ី-អឺរ៉ុប ផងដែរ។

ក្នុងអំឡុងពេល កិច្ចប្រជុំរយៈពេល២ ថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ ពហុភាគីនិយម ដោយផ្តោត លើប្រធានបទពាក់ព័ន្ធ រួមមាន ៖ ទី១-ASEM ក្នុងគម្រប់ខួប ២៥ ឆ្នាំ៖ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅ នាពេលអនាគត ទី២-ការធ្វើឱ្យប្រសើរឡើងវិញ នូវដំណើរការពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពសកល ទី៣-ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែក លើវិធានច្បាប់ ទី៤-កំណើន និងការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្ន ទី៥-ការតភ្ជាប់ ទី៦-ស្ត្រី សន្តិភាព និងសន្តិសុខ និងទី៧-បម្រែបម្រួល អាកាសធាតុ ។

សូមបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុត របស់កម្ពុជា ក្នុងការជំរុញព ហុភាគីនិយម ក៏ដូចជាការចូលរួមយ៉ាងសកម្ម តាមតែអាចធ្វើទៅបានរបស់ខ្លួន នៅក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហា ប្រឈមជាសកលនា ពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×