ព័ត៌មានជាតិ

លោក លឹម គានហោ អញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦ តាមប្រព័ន្ធវីដេអូ Zoom

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សា គណៈកម្មការ ទន្លេមេគង្គ (MRC) តំណាងកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូ កម្ពុជា ដែលមាន សមាសភាព ជាមន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦ តាមប្រព័ន្ធវីដេអូ Zoom នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញ ។

កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ Prawit Wngsuwon ឧបនាយករដ្ឋមន្រ្តី និងជាសមាជិកក្រុមប្រឹក្សា MRC តំណាង នៃព្រះរាជាណាចក្រថៃ ដែលទទួលវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២១ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក MRC បីផ្សេងទៀត រួមមាន៖ ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋាន MRC សរុប ចំនួន ១៤៣ រូប ។

កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តផែនការការងាររបស់ MRC ឆ្នាំ២០២១ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ តំបន់, ការលើកកម្ពស់កិច្ចដំណើរការស្ថាប័ន និងការអនុវត្តការងារ, ការជ្រើសរើសនាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC ពីប្រទេសឡាវ សម្រាប់ឆ្នាំ២០២២-២០២៤, ការត្រៀមរៀបចំកិច្ចប្រជុំកំពូល MRC លើកទី៤ ក្នុង ឆ្នាំ២០២៣ ដែលប្រទេសឡាវជាម្ចាស់ផ្ទះ, ការពង្រឹងប្រសិទ្ធភាព លើការគ្រប់គ្រងការប្រើប្រាស់ទឹក និងការពិនិត្យតាមដានទន្លេ, ស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម, ផែនការងារបច្ចុប្បន្នភាពរបស់ MRC សម្រាប់ឆ្នាំ២០២២ និងកិច្ចការសំខាន់មួយចំនួនទៀត ។

កិច្ចប្រជុំ ក៏បានពិនិត្យ អនុម័តលើវិធានផ្ទៃក្នុង បច្ចុប្បន្នភាពរបស់ក្រុមប្រឹក្សា និងគណៈកម្មាធិការរួម MRC និងឯកសារយុទ្ធសាស្រ្ត អភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គក្រោម ។

នៅក្នុងកិច្ចប្រជុំ ប្រទេសជាសមាជិក MRC ក៏ដូចជាដៃគូអភិវឌ្ឍន៍ បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព ការងារ និងសមិទ្ធផល ដែល MRC សម្រេចបាន ក្នុងឆ្នាំ២០២១ ក្នុងបរិបទ នៃការរីករាលដាល នៃជម្ងឺកូវីដ១៩ និង បានប្តេជ្ញាចិត្តបន្ត ធ្វើការរួមគ្នា ឲ្យកាន់តែសកម្មថែមទៀត ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការ តំបន់ឲ្យបានកាន់តែរឹងមាំ គាំទ្រដល់ការ អនុវត្តយុទ្ធសាស្រ្ត អភិវឌ្ឍន៍អាងឆ្នាំ២០២១-២០២៣ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីការគ្រប់គ្រង និងការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ ៕

To Top