ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោស អតីតមេភូមិម្នាក់ ដាក់គុក ១២ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម- សម្លាប់ស្រីស្នេហ៍ រួចដុតសាកសពចោល ដើម្បីបំបាត់ភស្តុតាងនៅខេត្តកំពង់ឆ្នាំង !!!

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស របស់បុរសវ័យចំណាស់ម្នាក់ ដែលត្រូវបាន សាលាដំបូងខេត្តកំពង់ឆ្នាំង ដាក់គុក ១២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្ម ដោយបានសម្លាប់ស្រ្តីម្នាក់ ដែលត្រូវជាដៃគូស្នេហា រួចដុតសាកសពនាងចោល ដើម្បីលុបបំបាត់ភស្តុតាង ហើយ រត់គេចខ្លួន ប្រព្រឹត្តនៅក្នុងភូមិ ក្រាំងកន្រ្ទេាស, ឃុំពាម , ស្រុក សាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ខែ មិថុនា ២០២០ ។

លោកជំទាវ ទិតសិទ្ធី បូរ៉ាល័ក្ខណ៍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ ញ៉េប សុខុម ភេទ ប្រុស អាយុ ៦៨ ឆ្នាំ មានមុខរបរមុន ចាប់ឃាត់ខ្លួន ជាមេភូមិក្រាំងកន្ទ្រោល, មានទីលំនៅភូមិគ្រាំកន្ទ្រោល ឃុំពាម, ស្រុកសាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ជា ថន ភេទ ស្រី អាយុ ៥៦ ឆ្នាំ មុខរបរ កសិករ និង មានទីលំនៅ-នៅក្មុងភូមិ-ឃុំ-ស្រុក ជាមួយគ្នានឹងជនជាប់ចោទ។

លោកជំទាវចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ ញ៉េប សុខុម ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពី ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ និង បង្គាប់អោយគាត់ ត្រូវសងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ២០លានរៀល (ប្រមាណ៥០០០ដុល្លារអាមេរិក) ។
តែគាត់ប្តឹងឧទ្ធររណ៍ ។

ជនជាប់ចោទ ឈ្មោះ ញ៉េប សុខុម ត្រូវបានជាប់ចោទពីបទ« ឃាតកម្ម និង លុបបំបាត់ភស្តុតាង » តាមបញ្ញត្តិមាត្រា ១៩៩ និង ៥៣១ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ បន្ទាប់ពី បានសម្លាប់ជនរងគ្រោះ ភូមិគ្រាំកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គួររំលឹកថា នាពេលសវនាការ កាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២១, ជនជាប់ ចោទ ញ៉េប សុខុម បានឆ្លើយបដិសេធ ចំពោះការចោទ និង ការផ្តន្ទាទោសគាត់ ដាក់គុក គុក កំណត់១២ ឆ្នាំ អំពីសំណាក់តុលាការខេត្តកំពង់ឆ្នាំង និង និយាយថា ពីគាត់មិនបានសម្លាប់ជនរងគ្រោះនោះទេ។

ឈ្មោះ ញ៉េប សុខុម បាននិយាយថា ខ្លួន និង ជនរងគ្រោះ គឺជាបងប្អូនសាច់ថ្លៃ នឹងគ្នា ហើយក៏ជាគូស្នេហាលួចលាក់នឹងគ្នាផងដែរ។

ពួកគេមានទំនាក់ទំនងស្នេហា និង ធ្លាប់បាន រួមភេទជាមួយគ្នា ដោយលួចលាក់ ជាច្រើនឆ្នាំមកហើយ។

ឈ្មោះញ៉េប សុចុម និយាយទៀតថា នៅថ្ងៃកើតហេតុនោះ, ខ្លួន និង ជនរងគ្រោះ បានណាត់ជួបគ្នា នៅឯខ្ទមចំការរបស់ជនរងគ្រោះ នៅឯចុងភូមិ ដែលជាកន្លែងស្ងាត់ ដើម្បីរួមភេទនឹងគ្នា ដូចទម្លាប់ដែលពួកធ្លាប់ធ្វើកន្លងមក។

ឈ្មោះ ញ៉ែប សុខុម បានបន្តថា ក៏ប៉ុន្តែ ខណៈពួកគេកំពុងតែរួមភេទជាមួយគ្នានោះ, ស្រាប់តែជម្ងឺចាស់ (ជម្ងឺបេះដូង) របស់ជនរងគ្រោះបានរើឡើង និង បណ្តាលឲ្យនាងត្រូវគាំងបេះដូងស្លាប់ភ្លាមៗ តែម្តងទៅ –ទោះបីជាគាត់ខិតខំជួយអន្តរាគម និង ជួយសម្រួលចលនា ដង្ហើមដល់នាងយ៉ាងណា ក៏ដោយ។

គាត់បានបន្ថែមថា នៅពេលនោះ ដោយសារតែ ខ្លួនមានការភិតភ័យយ៉ាងខ្លាំងពេក និង ដោយសារតែ ខ្លាចអ្នកភូមិឃើញ និង ចោទថា គាត់ ជាអ្នកសម្លាប់ជនរងគ្រោះផងនោះ , គាត់ក៏បែកគំនិត ដុតសាកសពរបស់ជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាង រួចហើយគេចខ្លួនតែម្តងទៅ៕

ដោយ: រស្មី អាកាស

To Top