នយោបាយ

កិច្ចប្រជុំកំពូល ASEM ជាឱកាសសម្រាប់ថ្នាក់ដឹកនាំ បញ្ជាក់ពីការចូលរួម​ ដោះស្រាយបញ្ហាតំបន់ និងសកលលោក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13) ដែលកម្ពុជា ធ្វើជាម្ចាសផ្ទះនាពេលនេះ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មី អំពីការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកលលោក ដែលជាក្ដីបារម្ភរួមគ្នា ។

កម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» នារសៀលថ្ងៃទី២៥ វិច្ឆិកា នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់នៃអត្ថិភាពរបស់ខ្លួន យើងទាំងអស់គ្នាមានការ ទទួលខុសត្រូវរួម ក្នុងការធានាថា ASEM នៅបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយ ដែលអាចនាំមកនូវ អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជន របស់ខ្លួន ព្រមទាំងអាចចូល រួមចំណែកកាន់តែទូលំទូលាយថែមទៀត ដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ របស់ពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បានបញ្ជាក់ថា «កិច្ចប្រជុំកំពូល SEM នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា»។

សម្ដេចតេជោ បានបន្ដថា ចាប់តាំង ពីបានចូលរួមនៅ ក្នុងដំណើរការ ASEM នៅឆ្នាំ ២០០៤ កម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះដំណើរការ នៃកិច្ចប្រជុំកំពូលនេះ ។ ការរក្សាសន្ទុះ នៃដំណើរ ការ ASEM ពិតជាមានសារ សំខាន់កាន់តែខ្លាំងឡើង នៅក្នុងបរិបទ នៃការរស់នៅជាមួយជំងឺកូវីដ-១៩ នាបច្ចុប្បន្ននេះ ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាពេលនេះ ក្នុងគោលបំណងសំខាន់ៗ ដូចជា ៖ ធ្វើឲ្យកាន់តែស៊ីជម្រៅ នៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកំណើនរួមគ្នា, លើកស្ទួយភាពជា ដៃគូអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល, លើកកម្ពស់ប្រសិទ្ធភាព នៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់, ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ ឧស្សាហកម្ម៤.០, ពង្រឹងភាពលេចធ្លោ និងភាពពាក់ព័ន្ធរបស់ ASEM និងដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត៕

To Top
×