ព័ត៌មានជាតិ

សម្តេចតេជោ៖ មេដឹកនាំអាស៊ី-អឺរ៉ុប ប្ដេជ្ញាអភិវឌ្ឍន៍បៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាការកើន ឡើងកម្ដៅផែនដី មិនឲ្យលើសពី ១.៥អង្សាសេ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មេដឹកនាំអាស៊ី-អឺរ៉ុប ភាគច្រើន ប្ដេជ្ញាចិត្តអភិវឌ្ឍន៍បៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការ កើនឡើងកម្ដៅផែនដីមិនឲ្យលើស ពី១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីអាកាសធាតុ។

ក្នុងពិធីបិទកិច្ចប្រជុំពេញអង្គ លើកទី១ នៃកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១៣ (ASEAM-13) នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានបង្ហាញ នូវសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពី កិច្ចប្រជុំនាម្សិលមិញនេះ គឺជាធាតុចូលដ៏មានតម្លៃប្រកបដោយ បញ្ញាញាណសម្រាប់ចូលរួម ចំណែកដល់ការ លើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM។

សម្ដេចតេជោ ក៏បានរំលេចនូវសារសំខាន់ៗ ដូចជា ៖ មេដឹកនាំអាស៊ី-អឺរ៉ុប សម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក ហើយក៏បានប្ដេជ្ញាចិត្តលើកកម្ពស់ បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលកាន់តែត្រូវការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

សម្ដេចតេជោ បានបញ្ជាក់ថា «យើងភាគច្រើនបាន ប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍បៃតង និងកម្រិតកាបូន ទាបដើម្បីរក្សាកម្រិតការ កើនឡើងកម្ដៅផែនដីមិនឲ្យលើសពី ១.៥អង្សាសេ ស្របតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ក្នុងន័យនេះ ការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេស កំពុងអភិវឌ្ឍន៍ត្រូវជាអាទិភាពមួយ»។

សម្ដេចតេជោបន្ដថា អង្គប្រជុំក៏បានបង្ហាញពី ការគាំទ្រយ៉ាងពេញទំហឹង ចំពោះពហុភាគីនិយម ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ សម្ដេច ថា មេដឹកនាំអាស៊ី-អឺរ៉ុប បានលើកឡើងអំពីបញ្ហាប្រឈម ដែលមិនធ្លាប់កើតមានឡើង ពីមុនមកដោយបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ចសង្គម។ ដើម្បីដោះស្រាយបញ្ហា ប្រឈមទាំងអស់នេះ មេដឹកនាំអាស៊ី-អឺរ៉ុប បានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគី និយមគឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋគួរតែជាអាទិភាពរបស់ អាស៊ី-អឺរ៉ុប ។

សម្ដេចតេជោ បានបន្ថែមថា ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់មេដឹកនាំអាស៊ី-អឺរ៉ុប ទាំងអស់គ្នា ក្នុងន័យនេះ បានសំដែងនូវការគាំទ្រចំពោះ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើវិធានច្បាប់ និងប្ដេជ្ញាការពារខ្សែ ច្រវ៉ាក់ផ្គត់ផ្គង់ដោយរលូន និងគ្មានការរាំងស្ទះ ដូចជាការជំរុញនូវឌីជីថលូបយនីកម្ម និងពិនិត្យមើលលទ្ធភាពនៃ ការបើកឡើងវិញនូវវិស័យទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ ៕

To Top