ភ្នំពេញ៖ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋឥណ្ឌូនេស៊ី បានថ្លែងថា ឥណ្ឌូនេស៊ី នឹងផ្តល់ការបណ្តុះបណ្តាល សមត្ថភាពគ្រប់គ្រងព្រៃឈើ និងភ្លើងឆេះព្រៃដល់ មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា ដែលស្ថិតនៅក្នុងក្របខ័ណ្ឌ គម្រោងកម្មវិធីនៃការគ្រប់គ្រងព្រៃឈើ នៅក្នុងមហាអនុតំបន់មេគង្គ ។
ការថ្លែងរបស់ទូតឥណ្ឌូនេស៊ី ធ្វើឡើងក្នុងពេលចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម ជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រីកសិកម្មសង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិការទូត របស់លោកឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មជារួម និងដោយឡែកវិស័យកែច្នៃកសិផល និងខ្សែច្រវាក់តម្លៃបន្ថែម ជាពិសេសការចែករំលែក បទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ ឲ្យកាន់តែល្អប្រសើរទ្វេឡើង និងរង់ចាំស្វាគមន៍ជានិច្ច ចំពោះវិស័យឯកជនឥណ្តូនេស៊ី ដែលមានបំណងធ្វើការវិនិយោគ លើវិស័យកសិកម្មនាពេលអនាគត ។
ជាមួយគ្នានេះដែរ លោកទូតឥណ្ឌូនេស៊ី បញ្ជាក់ថា «ភាគីឥណ្ឌូនេស៊ី នឹងផ្តល់ការបណ្តុះបណ្តាល សមត្ថភាពគ្រប់គ្រងព្រៃឈើ និងភ្លើងឆេះព្រៃដល់ មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា ដែលស្ថិតនៅក្នុងក្របខ័ណ្ឌ គម្រោងកម្មវិធីនៃការគ្រប់គ្រងព្រៃឈើ នៅក្នុងមហាអនុតំបន់មេគង្គ»។
ទន្ទឹមនឹងនេះ លោកទូតបានបន្ថែមថា ភាគីឥណ្ឌូនេស៊ី បានរៀបចំសេចក្តីព្រៀងអនុស្សារណៈ នៃការយោគយល់គ្នាលើ កិច្ចសហប្រតិបត្តិលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរ ហើយសង្ឃឹមថានឹងអាចចុះហត្ថលេខា នាពេលវេលាសមស្របណាមួយខាងមុខ ៕