ព័ត៌មានជាតិ

ថ្ងៃទី១ ធ្នូ ! AHF នឹងរៀបចំទិវាពិភពលោក​​ ប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២១ ក្រោមប្រធានបទ ជំងឺអេដស៍ ស្ដីពីជំងឺឆ្លងរាតត្បាតដទៃ

ភ្នំពេញ ៖ អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នឹងរៀបចំពិធីអបអរសាទរ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺ អេដស៍ឆ្នាំ២០២១ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ នៅលើទឹកដីខេត្តសៀមរាប ជាមួយនឹងការបង្ហាញ ប្រធានបទថ្មី ទាន់ពេលវេលាមួយគឺ «ជំងឺអេដស៍ ស្ដីពីជំងឺឆ្លងរាតត្បាតដទៃ»។

ប្រធានបទថ្មីនេះ និងផ្លាកសញ្ញាជាការក្រើន រំលឹកដល់ពិភពលោកថា «សូម្បីតែនៅក្នុងអំឡុង ពេលរាតត្បាតដោយមេរោគកូវីដ-១៩ ការប្រយុទ្ធនឹងមេរោគអេដស៍ គឺនៅតែជា ប្រធានបទ ដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ នៃសុខភាពសាធារណៈសកល ពីព្រោះវានៅតែធ្វើឲ្យបាត់បង់ ជីវិតរាប់រយពាន់នាក់ជារៀងរាល់ឆ្នាំ»។

ជាប្រពៃណីយូរអង្វែង មកហើយអង្គការ AHF រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមកពីជុំវិញពិភពលោក នឹងរៀបចំកម្មវិធីរំលឹកជាច្រើន រួមទាំងព្រឹត្តិការណ៍ ផ្សាយផ្ទាល់ និងព្រឹត្តការសង្គមដោយរក្សាគម្លាតសុវត្តិភាព ដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ និងលើកកម្ពស់ការយល់ដឹងជា សាធារណៈ អំពីសារៈសំខាន់ នៃការធ្វើតេស្តឈាម ការបង្ការ និងការព្យាបាលជំងឺអេដស៍និង ដើម្បីស្វែងរកការគាំទ្រ ក្នុងបន្តការប្រយុទ្ធដ៏សំខាន់នេះ ។

មូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា (AHF) នឹងរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្រោមបាវចនា «ជំងឺអេដស៍» ស្ដីពីជំងឺឆ្លងរាតត្បាតដទៃ។ ប្រធានបទនេះ នឹងបន្តបម្រើ ដល់ការដាស់តឿនថា ទោះជានៅអំឡុងការឆ្លងរាតត្បាត នៃជំងឺ COVID-19 ក៏ដោយ ពិភពលោកនៅតែត្រូវតែបន្ត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ឬ ហ៊ីវ (HIV) ដែលជាជំងឺឆ្លងមួយបានឆ្លងរាលដាល អស់រយៈពេលជាង៣០ឆ្នាំមកនេះ។

របាយការណ៍មួយចេញផ្សាយ ដោយមូលនិធិសកល Global Fund កាលពីពេលថ្មីៗ នេះ បានបង្ហាញថា ជំងឺឆ្លងរាតត្បាត ពិតជាជះឥទ្ធិពល អាក្រក់យ៉ាងខ្លាំងដល់ប្រព័ន្ធ សុខាភិបាល និងការផ្ដល់សេវានានានៅតាមបណ្ដាប្រទេស មានប្រាក់ចំណូលទាប និងមធ្យម នៅក្នុងតំបន់អាហ្វ្រិក និងអាស៊ីកាលពីឆ្នាំ២០២០។ ជាក់ស្ដែងការផ្ដល់ សេវាពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ HIV បានទទួលរងការរំខានដល់ជិត ២ភាគ៣ នៃបណ្ដាប្រទេសទាំងនេះ។

បន្ថែមពីលើនេះ ការធ្វើរកមេរោគ អេដស៍ក៏បានធ្លាក់ចុះ ៤០ភាគរយផងដែរ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ ប៉ុន្តែ ទោះជាជួបបញ្ហា ប្រឈម ទាំងនេះក្ដី ជំងឺ COVID- 19 មិនគួរត្រូវបានប្រើប្រាស់ ជាលេសក្នុង ការកាត់បន្ថយ ការឆ្លើយតបជាសកល ទៅនឹងជំងឺអេដស៍ នោះឡើយ ផ្ទុយទៅវិញវាចាំបាច់ត្រូវតែមានការ ប្ដេជ្ញាចិត្តបន្ថែមដើម្បីប្រយុទ្ធ ប្រឆាំងនឹងជំងឺអេដស៍។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំ តំបន់អាស៊ីនៃអង្គការ AHF បានថ្លែងថា «វិបត្តកូវីដ១៩ គឺជាការដាស់តឿនដ៏ធ្ងន់ធ្ងរមួយ សម្រាប់ពិភពលោក ជាពិសេសនៅទូទាំងតំបន់អាស៊ី ដែលមនុស្ស នៅតាមប្រទេសជាច្រើន មិនសូវមានឱកាសទទួលបានការចាក់វ៉ាក់សាំង, បាត់បង់ការងារ, និងកំពុងទទួល រងអសន្តិសុខស្បៀង ។ វិធានការបិទខ្ទប់តឹងរ៉ឹង ក៏បានជះផលប៉ះពាល់ផងដែរ ចំពោះផ្នែកជាច្រើននៃសង្គម រួមមានការបង្កជាឧបសគ្គ ដល់សមត្ថភាពរបស់តំបន់អាស៊ី ក្នុងការឆ្លើយតបចំពោះវិបត្តិជំងឺអេដស៍ និងគំរាមកំហែងចំពោះវឌ្ឍនភាពដែលសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ» ។

លោក សារ៉ាត់ បានបន្តថា «ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ផ្តល់ឲ្យយើង នូវឱកាសដើម្បីឆ្លុះបញ្ចាំងឡើងវិញចំពោះវឌ្ឍនភាពនោះ ហើយក្រើនរំលឹក អ្នករាល់គ្នាថា មនុស្សរាប់លាននាក់ ជាពិសេសបុគ្គលងាយ រងគ្រោះ នៅតែមិនទាន់មានឱកាសទទួលបាន ឱសថសង្រ្គោះជីវិតពួកគេនៅ ឡើយទេ។ ទោះបីបច្ចុប្បន្នកូវីដ១៩ កំពុងនៅបន្តជាវិបត្តិជំងឺ ឆ្លងដ៏ធំមួយ ដដែលក៏ដោយ ទន្ទឹមគ្នាមេដឹកនាំពិភពលោក ត្រូវតែបន្តព្យាយាមប្រឹងប្រែង ឲ្យខ្លាំងថែមទៀត ដើម្បីបញ្ចប់វិបត្តិជំងឺអេដស៍ផងដែរ» ៕

To Top