ព័ត៌មានជាតិ

ការបង់ពន្ធ របស់ម្ចាស់យានយន្ត ជ្រកក្រោមស្លាកលេខ ន.ប និង ខ.ម កើនឡើងក្នុងខែនេះ (Video)

ភ្នំពេញ៖ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការចូលរួមរបស់ ម្ចាស់យានយន្តគ្មានពន្ធ ជ្រកក្រោមស្លាកលេខ ន.ប និងខ.ម និងស្លាកលេខស៊ីវិលផ្សេងៗ ក្នុងខែនេះ មានសន្ទុះកើនឡើង គួរឲ្យកត់សម្គាល់ បើធៀបនឹងខែមុន ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីអំពីវឌ្ឍនភាពនៃការអនុវត្ត ការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធ Zoom អគ្គនាយកដ្ឋានគយ បានគត់សម្គាល់ឃើញថា ការចូលរួមបង់ពន្ធមានសន្ទុះល្អប្រសើរនេះ ដោយបានការចូលរួមផងដែរ ពីវិស័យឯកជន ជាពិសេសយាន្តដ្ឋានបច្ចេកទេស ខាងកែចង្កូតរថយន្ត ពីស្តាំមកឆ្វេង មានការកែសម្រួលល្អប្រសើរជាងមុន នាំឲ្យម្ចាស់យានយន្ត អាចធ្វើការកែចង្កូតរថយន្ត ពីស្តាំមកឆ្វេងបានឆាប់ជាងមុន និងមានតម្លៃទាបជាងមុនផងដែរ ។

យោងតាមការលើកឡើង របស់លោក គុណ ញឹម បានឲ្យដឹងថា រយៈពេលជាង២ខែមកនេះ ម្ចាស់រថយន្តគ្មានពន្ធ បានចូលមកបង់ពន្ធ និងកក់ប្រាក់ដើម្បីទុកពេលកែចង្កូត រថយន្តមានចំនួនល្អប្រសើរ ដោយជាមធ្យមជិត៣០គ្រឿង ក្នុងមួយថ្ងៃ បានមកបង់ពន្ធ បើធៀបនឹងខែមុន មានសន្ទុះជាងមុន ។

លោក គុណ ញឹម បានឲ្យដឹងថា “បើគិតចាប់ពីថ្ងៃដែលយើងបើកយុទ្ធនាការ ប្រមូលពន្ធអាករ ដែលមានស្រាប់នៅក្នុងប្រទេសនេះ មកដល់ត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ គឺយើងប្រមូលពន្ធអាករ ហើយនឹងប្រាក់កក់ លើរថយន្តទាំងចង្កូតឆ្វេង ចង្កូតស្តាំ គឺបាន ១៦៤០គ្រឿង ក្នុងនោះ មានរថយន្តចង្កូតឆ្វេងចំនួន ៨០៨គ្រឿង ដែលម្ចាស់បានបំពេញកាតព្វកិច្ចពន្ធអាករ នឹងអាចថាប្រើប្រាស់ជាថវិកាជាតិតែម្តង ហើយនឹងមានរថយន្តចង្កូតស្តាំចំនួន ៨៣២គ្រឿង ដែលម្ចាស់បាននាំមក ប្រកាសនិងតម្កល់ប្រាក់ពន្ធអាករ ក្នុងចំនួន ៨៣២គ្រឿងនេះ ក៏មានរថយន្តចង្កូតស្តាំចំនួន ៨៥គ្រឿងបានកែចង្កួតរួចរាល់” ។

ក្នុងនោះដែរ លោក គុណ ញឹម បានធ្វើការអំពាវនាវ ឲ្យម្ចាស់យានយន្តគ្មានពន្ធ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ឲ្យរួសរាន់ចូលមកបំពេញ កាតព្វកិច្ច បង់ពន្ធនិងអាករដែលចែងដោយច្បាប់គយ ដើម្បីទទួលបានការអនុគ្រោះ១០% លើពន្ធសរុប ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់រថយន្តចង្កូតឆ្វេង និងរថយន្តចង្កូតស្តាំ អាចមកប្រកាសនិងតម្កល់ប្រាក់ ដើម្បីទុកពេលយករថយន្តទៅកែចង្កូត ។

គួរបញ្ជាក់ថា រថយន្តដែលគ្មានពន្ធ ប្រមាណ១ម៉ឺនគ្រឿង ដែលមានស្រាប់ក្នុងប្រទេស ដែលកំពុងប្រើប្រាស់ ស្លាកលេខ ខ.ម និង ន.ប និងស្លាកលេខស៊ីវិល (មិនត្រឹមត្រូវ) ទាំងអស់រួមទាំង រថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលត្រូវបានអនុគ្រោះ និងយោគយល់ពីរាជរដ្ឋាភិបាល ឲ្យចូលមកបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករ នាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិគយ ត្រូវមកបង់ពន្ធឲ្យ បានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕

To Top